នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Kaja Kallas តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធាន គណៈកម្មការអឺរ៉ុប ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅរាជធានីបានដាស៊េរីបេហ្កាវ៉ាន់ ប្រទេសព្រុយណេដារូស្សាឡាម។
ភាគីទាំងពីរបានអះអាងឡើងវិញនូវទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ និងបានរំលឹកឡើងវិញនូវកិច្ចសន្ទនាតាមទូរស័ព្ទកាលពីខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជា លទ្ធផលជាផ្លែផ្កានៃដំណើរទស្សនកិច្ចការងាររបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅទីក្រុងព្រុចសែល នាខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់រួម ក៏ដូចជាការវិវត្តថ្មីៗនៃស្ថានកាពព្រំដែន កម្ពុជា-ថៃ និងបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តចំពោះសន្តិភាព ស្ថិរភាព និងការគោរពច្បាប់អន្តរជាតិ។





