ឯកឧត្តម សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជាប្រសិតពិសេសរបស់សម្តេចធីបតី ទទួលបន្ទុកបេសកកម្មនៅអ.ស.ប. អមដោយឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍ បានចូលរួមកិច្ចពិភាក្សាបើកចំហរកម្រិតខ្ពស់សម្រាប់ខែមេសារបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ស្តីពី “សុវត្ថិភាព និងការការពារផ្លូវនាវាចរណ៍ នៅក្នុងដែនសមុទ្រ” នៅទីស្នាក់ការកណ្តាលអ.ស.ប. នាទីក្រុងញូវយ៉ក។
នៅក្នុងសុន្ទរកថា នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ថ្មីៗនេះ ឯកឧត្តមបានគូសបញ្ជាក់អាទិភាពចំនួនបី ដើម្បីដោះស្រាយការគំរាមកំហែងដល់សន្តិសុខលម្ហសមុទ្រដែលកំពុងកើនឡើង៖ (១) ជម្លោះត្រូវតែដោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការទូត (២) កម្ពុជាសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងការផ្ដល់ជំនួយបច្ចេកទេសដល់ប្រទេសឆ្នេរសមុទ្រកំពុងអភិវឌ្ឍ (៣) ក្រុមប្រឹក្សាសន្តិសុខគួរតែបង្កើតអភិក្រមរួម និងបង្ការជាមុន ដែលពង្រឹងភាពធន់រយៈពេលវែង។
ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាប្តេជ្ញាចិត្តគោរពច្បាប់អន្តរជាតិ លើកកម្ពស់កិច្ចសន្ទនាដោយសន្តិវិធី និងពង្រឹងសន្តិសុខលម្អសមុទ្រ រួមទាំងតាមរយៈការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ កម្ពុជាសូមគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះតម្លាភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ហើយក៏សូមស្វាគមន៍នាវាបរទេសជាមិត្តចូលចតនៅមូលដ្ឋានកងទ័ពជើងទឹករាមដែលត្រូវបានធ្វើទំនើបកម្ម សម្រាប់គោលបំណងនៃការហ្វឹកហាត់រួម ជំនួយមនុស្សធម៌ ការឆ្លើយតបគ្រោះមហន្តរាយ និងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម៕



