ពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្តព្រៃវែង និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ


ព្រៃវែង៖ ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្តព្រៃវែង និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលប្រព្រឹត្តទៅនៅសាលាខេត្តព្រៃវែង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសូមចូលរួមអប អរសាទរជាមួយលោក លោកស្រី ដែលទើបទទួលបានការតែងតាំងជាប្រធាន អនុប្រធាន នឹងថ្នាក់ដឹកនាំនៃ សាខាមូលនិធិជាតិជំនួយសង្គមខេត្តព្រៃវែង និងបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការនេះ ដើម្បីបន្តដឹកនាំការងារបំពេញតួនាទីជាសេនាធិការឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិជាតិជំនួយសង្គម ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង។

ឯកឧត្តម រដ្ឋមន្រ្តី មានប្រសាសន៍បន្តថា ការទទួលភារកិច្ចថ្មីនេះ គឺជាការជួយរែកពុននូវកិច្ចការសំខាន់ៗដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងពុះពារសម្រេចឱ្យបានស្របតាមតួនាទីភារកិច្ចរបស់ក្រសួង កម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការសម្រេច ឱ្យបាននូវការអនុវត្តគោលនយោបាយរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្តីពីការ លើកកម្ពស់កិច្ចគាំពារសង្គម និងសេវាសង្គមដើម្បីលើកស្ទួយស្ថានភាពសង្គម-សេដ្ឋកិច្ច” ដែលបានដាក់ ចេញក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមធម៌សេវាសង្គមកិច្ច និងកិច្ចគាំពារ សង្គមសម្រាប់គ្រួសារក្រីក្រ ជនរងគ្រោះ និងងាយរងគ្រោះ។

នៅក្នុងឱកាសប្រកាសចូលកាន់មុខតំណែងនេះ ឯកឧត្ដម រដ្ឋមន្ត្រី សូមផ្តាំផ្ញើ និងផ្តល់ជាអនុសាសន៍មួយចំនួន ដូច ខាងក្រោម៖

១- ត្រូវយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ច ក្នុងការដឹកនាំ និងសម្របសម្រួលការងាររវាងថ្នាក់ដឹកនាំ នឹងមន្ត្រីក្រោមឱវាទ ដើម្បីអនុវត្តការងារបម្រើឱ្យផលប្រយោជន៍ជនរងគ្រោះនិងងាយរងគ្រោះ ស្រប តាមកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០២៤-២០២៨ និងផែនការសកម្មភាពនានា ឱ្យមានប្រសិទ្ធភាពខ្ពស់

២- ត្រូវសហការ និងមានទំនាក់ទំនងល្អជាមួយគ្រប់អង្គភាពជំនាញរបស់ក្រសួង រដ្ឋបាលខេត្ត អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអង្គភាពជំនាញនានាជុំវិញខេត្ត ជាពិសេស រវាងមន្ទីរ ស.អ.យ. ជាមួយសាខាមូលនិធិជាតិជំនួយសង្គមខេត្ត និងសាខាមូលនិធិជនពិការខេត្ត ក្នុងការបំពេញ តួនាទី ភារកិច្ច និងការងាររបស់ខ្លួន

៣- មន្ទីរ ស.អ.យ ខេត្ត សូមសហការជាមួយអនុគណៈកម្មការគ្រប់គ្រងការងារជនអនាថាខេត្ត រដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់ចែងការងារជនអនាថា ជនវិបល្លាសស្មារតី អ្នកសុំ ទានតាមទីសាធារណៈ ដែលបង្កឱ្យមានភាពអនាធិបតេយ្យ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងវិស័យទេសចរណ៍របស់ខេត្ត

៤- ក្នុងភាពជាអ្នកដឹកនាំ ត្រូវមានវិន័យ មានការទទួលខុសត្រូវ ចេះរៀបចំយុទ្ធសាស្ត្រ ដឹកនាំ អនុវត្ត ត្រួតពិនិត្យកិច្ចការ ចេះប្រមូលកម្លាំង ដឹងពីសុខទុក្ខ និងចេះលើកទឹកចិត្តមន្ត្រីក្រោម ឱវាទ ដើម្បីសម្រេចឱ្យបាននូវគោលដៅ និងការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា លោក អូម បណ្ឌិត ត្រូវបានប្រកាសជាប្រធានសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្តព្រៃវែងនិងអនុប្រធាន១រូបនិងសមាជិកមួយចំនួនទៀតផងដែរ៕