សម្តេចតេជោ ហ៊ុន សែន អបអរសាទរ ខួបលើកទី២៧ឆ្នាំ កម្ពុជាចូលជាសមាជិកអាស៊ាន


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានបង្ហោះសារអបអរសាទរ ខួបលើកទី២៧ឆ្នាំ(៣០ មេសា ១៩៩៩ – ៣០ មេសា ២០២៦) កម្ពុជាចូលជាសមាជិកអាស៊ាន។

កម្ពុជា ដែលបានចូលជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ក្នុងពេលកិច្ចប្រជុំនៅក្នុងប្រទេសវៀតណាម។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលមានសមាជិក១១ រួមមានថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ព្រុយណេ វៀតណាម មីយ៉ាន់ម៉ា ឡាវ កម្ពុជា និងទីម័រឡេស្តេ។

សូមរំលឹកថា កាលពីពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ ពីមូលហេតុសំខាន់ៗចំនួន៤ ដែលនាំឱ្យសម្តេចប្រឹងប្រែង យកកម្ពុជាចូលជាសមាជិកអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានពន្យល់លំអិតនៃកត្តាសំខាន់ៗទាំង៤នេះផងដែរ។

១៖ កត្តាមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិក៖ សម្តេចតេជោថា កត្តានេះជាកត្តាធំបំផុត ដែលទាក់ទាញកម្ពុជាចូលអាស៊ាន បើសិនជានៅក្នុងអាស៊ាន គ្រាន់តែចូលទៅ ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នា កម្ពុជានឹងមិនចូលរួមទេ។ ប៉ុន្តែអាស៊ាន គ្មានបងតូច បងធំ អាស៊ានមានគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទេ។

២៖ ស្មារតីសហគមន៍៖ សម្តេចតេជោ បានបញ្ជាក់ថា ស្មារតីសហគមន៍ គឺការធ្វើការតាមកុងសង់ស៊ុស រឿងនេះវាសំខាន់ខ្លាំងណាស់។ គ្មានប្រទេសតូច គ្មានប្រទេសធំ គ្មានប្រទេសអ្នកមាន គ្មានប្រទេសអ្នកក្រ សិទ្ធិស្មើគ្នាទាំងអស់។ អាស៊ានមិនត្រូវធ្វើការតាមរយៈការបោះឆ្នោតទេ ដែលអាចនាំឲ្យមានការបែកបាក់អាស៊ាន។ ចំណុច នេះធ្វើឲ្យអាស៊ានមានសាមគ្គីភាព អាស៊ានស្វះស្វែងរកចំណុចរួម ដើម្បីសម្រេចអ្វីដែលអាស៊ានចង់បាន។ សម្តេចតេជោលើកឡើងថា កត្តានេះ ធ្វើមិនឲ្យមានបងតូចបងធំ ដូចនៅក្នុងតំបន់មួយចំនួន ពោលសមាជិកអាស៊ានប្រទេសមួយសំឡេងមួយ។

៣៖ ការអនុវត្តន៍សេដ្ឋកិច្ចសង្គម ទាក់ទងសមាហរណកម្ម៖ សម្តេចបានពន្យល់ថា ចំណុចនេះកម្ពុជាទទួលបានប្រយោជន៍យ៉ាងច្រើន ពីការជំរុញការអភិវឌ្ឍ ហើយនៅក្នុងរយៈពេលកន្លងទៅនេះ ចាប់តាំងពីឆ្នាំ២០០០មក គំនិតផ្តួចផ្តើមស្តីសមាហរណកម្មអាស៊ាន កាត់បន្ថយគម្លាតរវាងអាស៊ានចាស់ និងអាស៊ានថ្មី ក៏បានធ្វើយ៉ាងខ្លាំង ហើយកម្ពុជា ក៏ទទួលបានផលប្រយោជន៍យ៉ាងធំពីសមាហរណកម្មនេះ។ ប្រទេសដៃគូនៅខាងក្រៅ ក៏បានចូលរួមយ៉ាងច្រើន ដើម្បីពន្លឿនដំណើរការនៃការធ្វើសមហរណកម្ម ដោយពន្លឿនការអភិវឌ្ឍនៅក្នុងប្រទេសដែលជាសមាជិកថ្មី ដូចជាកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ដែលត្រូវការធ្វើសមហរណកម្ម ដើម្បីកាត់បន្ថយគម្លាតជាមួយប្រទេសសមាជិកមានការអភិវឌ្ឍច្រើនជាង។

៤៖ ច្រកទ្វារចេញនៃការទូតរបស់កម្ពុជា៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានផលប្រយោជន៍ពីការចូលរួមអាស៊ាន ព្រោះអ្វី? អាស៊ានមានដៃគូច្រើន អ៊ីចឹងនៅពេលកម្ពុជាក្លាយទៅជាសមាជិកអាស៊ាន។ បានន័យថាខ្លួនបានក្លាយទៅជាដៃគូជាមួយដៃគូខាងក្រៅផងដែរ។ អ៊ីចឹងវាជាផ្នែកមួយ នៃច្រកចេញការទូតរបស់កម្ពុជា តាមរយៈអាស៊ាន ដែលមានដៃគូច្រើន។ បើទោះបីកម្ពុជាបានទាញប្រយោជន៍ច្រើន ពីការចូលជាសមាជិកអាស៊ានយ៉ាងណាក្តី តែកម្ពុជា ក៏បានរួមចំណែកយ៉ាងច្រើន នៅក្នុងការធ្វើសេចក្តីសម្រេចនានា នៅក្នុងក្របខណ្ឌតំបន់មួយនេះ៕