កម្ពុជា និងអេស្ប៉ាញ ជម្រុញការផ្លាស់ប្តូរបទពិសោធន៍លើការងារនីតិកម្ម ការអនុវត្តច្បាប់ និងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរជាតិ (AIPA, អន្តរសភាអឺរ៉ុប និង ISC)


តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៅថ្ងៃនេះបានបង្ហាញថា ទស្សនកិច្ចការងារនៅសភានៃព្រះរាជាណាចក្រអេស្ប៉ាញ ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រដ្ឋសភាកម្ពុជា និង អេស្ប៉ាញ បានបេជ្ញាខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ក្នុងឱកាសខួបលើកទី៧៥ នៃទំនាក់ទំនងការទូត។

ភាគីទាំងពីរជំរុញការផ្លាស់ប្តូរបទពិសោធន៍លើការងារនីតិកម្ម ការអនុវត្តច្បាប់ និងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរជាតិ (AIPA, អន្តរសភាអឺរ៉ុប និង ISC)។

ចំពោះសេដ្ឋកិច្ច និងសង្គម៖ បន្តពិភាក្សាលើវិស័យសក្តានុពល រួមមាន ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ថាមពលស្អាត វប្បធម៌ និងទេសចរណ៍។

ដោយឡែការគាំទ្រជាអន្តរជាតិ៖ អេស្ប៉ាញបង្ហាញការគាំទ្រដល់កម្ពុជាក្នុងការរៀបចំសន្និសីទ ISC លើកទី២ នាឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

សន្តិសុខតំបន់៖ ភាគីមិត្តបានសម្តែងការគាំទ្រចំពោះជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ។ដំណើរទស្សនកិច្ចនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី កម្ពុជា-អេស្ប៉ាញ ឱ្យឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។