ឯកឧត្តមបណ្ឌិត កៅ ថាច ក្រើនរំលឹកដល់សិស្សថ្នាក់ទី១២ ស្រុកខ្សាច់កណ្តាល កំពុងត្រៀមប្រលងសញ្ញាបត្របាកឌុប នាខែសីហា ត្រូវប្រឹងយកឲ្យបាននិទ្ទេស A ច្រើនជាងឆ្នាំ២០២៥


នៅថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល​ និងជាប្រធានទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្តាល​ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស វិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល និងវិទ្យាល័យពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលដែលមានអ្នកចូ លរួមសរុបចំនួន ៦៤៦នាក់។

កម្មវិធីនេះក៏មានការចូលរួមពីលោក ចេង ឌីណា ប្រធានគណៈអចិន្ត្រៃយ៍គណបក្សស្រុក, គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស។

ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងថា ការជួបជុំជាមួយក្មួយៗសិស្សានុសុស្សនៅថ្ងៃនេះ គឺមានគោលបំណងសំខាន់ចង់ជំរុញ​ និងឃើញលទ្ធផលប្រលងបាក់ឌុប នៅខែសីហាឆ្នាំ២០២៦នេះ របស់ក្មួយៗប្រឡងជាប់បាននិទ្ទេសA​ ច្រើនជាងឆ្នាំ២០២៥​ និងបានលទ្ធផលល្អច្រើនលើសលប់​ ។

ឯកឧត្តមបណ្ឌិត​បានរំលឹកជូនក្មួយៗអំពីដំណើរនៃ​ការសិក្សាត្រូវឆ្លងកាត់៣ដំណាក់កាធំៗ គឺទី១ របត់ការសិក្សាថ្នាក់បឋមសិក្សាពេលនៅជាកុមារភាព ទី២ របត់នៃការសិក្សានៅថ្នាក់អនុវិទ្យាល័យ និងរបត់សិក្សាទី៣ គឺការសិក្សានៅថ្នាក់វិទ្យាល័យ ដែលចុងក្រោយបង្អស់គឺ ការនៅសាកលវិទ្យាល័យដែល ផ្តោតខ្លាំងលើការសិក្សាស្រាវជ្រាវខ្លាំងជាងមុនដែលជាការសិក្សាមិនត្រឹមតែទ្រឹស្តី​ប៉ុណ្ណោះទេ​ ប៉ុន្តថែមទាំងការអនុវត្តទៀតផងដែរ។

ឯកឧត្តមបណ្ឌិត កៅ ថាច ក្រើនរំលឹកដល់សិស្សថ្នាក់ទី១២ ថា ក្មួយៗកំពុងតែមានឱកាសមាស​ ត្រូវចាប់អោយជាប់​ ព្រោះថាឱកាសមាសថ្ងៃនេះវាមិនរង់ចាំក្មួយៗទ។ ក្មួយៗដែលកំពុងត្រៀមប្រលងត្រូវចាំថា ឪពុកម្តាយយើងបានខិតខំលះបង់ណាស់ដើម្បីឲ្យកូនបានសិក្សានិងទទួលបានលទ្ធផលល្អ ជាពិសេស ពេលបញ្ចប់ការសិក្សានឹងទទួលបានការងារល្អសំរាប់ជួយខ្លួនឯងផង និងបម្រើការងារជូនសង្គមជាតិផង។

ឯកឧត្តមបណ្ឌិតប្រតិភូបានផ្តាំផ្ញើថា ក្មួយៗកុំទុកពេលវេលាចោលត្រូវចាំថា លទ្ធផលបានមកពីការធ្វើសកម្មភាព ត្រូវហ៊ាននិយាយ ហ៊ានសួរ ហ៊ានកត់ត្រា ហ៊ានគិត ដែលជារឿងសំខាន់ ជាពិសេស ការហ៊ានគិតថា ខ្លួនឯងត្រូវយកឲ្យបានគឺ ការប្រលងយក និទ្ទេសល្អ ហើយអ្វីសំខាន់ ត្រូវប្រឹងសិក្សាត្រៀម ព្រោះថា នៅសល់រយៈពេលត្រឹមតែ៣ខែទៀតប៉ុណ្ណោះ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិតប្រតិភូបានបន្ថែមថា ដើម្បីបានលទ្ធផលល្អ​ ក្មួយៗត្រូវយកវិញ្ញាសារសម័យប្រលង ១០ឆ្នាំចុងក្រោយលើមុខវិជ្ជាសំខាន់ៗ មកហាត់ធ្វើជាប្រចាំដោយ១សប្តាហ៍ប្រលងម្តង ដើម្បីសាកល្បងឬធ្វើតេស្តសមត្ថភាពខ្លួនឯង។

លើសពីនេះ ត្រូវរំលឹកឡើងវិញនូវមេរៀនឬបង្រៀនជាក្រុម ការអនុវត្តរៀបចំការសួរសំណួរនិងចម្លើយខ្លួនឯង ការផ្ទៀងផ្ទាត់កំហុសឆ្គងខ្លួនឯងជាប្រចាំនិងការរៀបចំកាលវិភាគសិក្សា ការរំលឹកមេរៀន ដែលបានកត់ត្រានូវចំណុចសំខាន់ ហើយត្រូវបែងចែកពេលសិក្សាខ្លួនឯង​ និងរំលឹកមេរៀនក្នុង១ថ្ងៃរំលឹក៣៤ដង គឺ ព្រឹក, រសៀល​, ល្ងាច និងយប់ ដោយផ្តោតលើមុខវិជ្ជាទាំងអស់​ ជាពិសេសមុខវិជ្ជាគណិត រូបវិទ្យានិងគីមីវិទ្យាជាដើម៕