នៅថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង បានធ្វើជាអធិបតិយ្យនិងថ្លែងសុន្ទរកថាបើក «កិច្ចប្រជុំការងារសើរើលក្ខន្តិកៈនៃកិច្ចប្រជុំគណៈកម្មការនយោបាយ» ព្រមទាំងមានវត្តមាន លោក លោកស្រី សមាជិកសភាជាតិ និងអន្តរជាតិ លោក Guillaume Chevrollier (ហ្គោយ៉ូម សេវ្រ៉ូលីយ៉េ) តំណាងសភាប្រើភាសាបារាំង និងលោកស្រី Julia Tortel (ជូលីយ៉ា តូរ៍តែល) តំណាងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ព្រមទាំងវត្តមាន ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោក លោកស្រី អគ្គលេខាធិការនៃសភាប្រើភាសាបារាំង អគ្គរដ្ឋទូត និងតំណាងទូត ព្រមទាំងវាគ្មិន សរុបជាង ១០០រូប មកពី១៧ប្រទេស ភាគច្រើនជាប្រតិភូសភាប្រើភាសាបារាំង ។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះ និងសិក្ខាសាលានេះ មានរយៈពេល ៣ថ្ងៃ ពីថ្ងៃទី២ ដល់ទី៤ ខែឧសភានៅសណ្ឋាគារអង្គរប៉ារ៉ាឌី ក្រុងសៀមរាប ដោយសភាកម្ពុជា បានសហការណ៍ជាមួយសភាប្រើភាសាបារាំង និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានរៀបចំសិក្ខាសាលា ស្ដីពី «ក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា» និង «កិច្ចប្រជុំការងារសើរើលក្ខន្តិកៈនៃកិច្ចប្រជុំគណៈកម្មការនយោបាយ» ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
សូមរំលឹកថា៖ កាលពីថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាអនុប្រធានក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំង (APF) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា» រៀបចំនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប-អង្គរ ។
សុន្ទរកថាបើកបានសង្កត់ធ្ងន់និងជារួមថា៖ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាតែងតែផ្តល់អាទិភាពខ្ពស់លើការកសាងរដ្ឋាភិបាល និងសភាឌីជីថល ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍រវាងបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ ។
សម្រាប់សិក្ខាសាលា និងកិច្ចប្រជុំនេះ នឹងមានការបង្ហាញពីវាគ្មិនជាតិ និងអន្តរជាតិ ស្ដីអំពី ការយល់ដឹងអំពីបញ្ញាសិប្បនិម្មិត (ស្ថានភាព និងកាលានុវត្តភាព), តួនាទីសមាជិកសភានៅក្នុងក្របខ័ណ្ឌនៃបញ្ញាសិប្បនិម្មិត, មានក្រុមពិភាក្សា ស្ដីពី បទប្បញ្ញតិនៃបញ្ញាសិប្បនិម្មិត (តើមានក្របខ័ណ្ឌនីតិកម្មអ្វីខ្លះ?), តើត្រូវធ្វើដូចម្ដេច ដើម្បីទាញយកអត្ថប្រយោជន៍ពីឧបករណ៍បញ្ញាសិប្បនិម្មិតនៅក្នុងការងារសភា?, ព្រមទាំងកិច្ចប្រជុំក្រុមការងារសើរើលក្ខន្តិកៈនៃសភាប្រើភាសាបារាំង, កិច្ចប្រជុំគណៈកម្មការនយោបាយ ផងដែរ ។
បន្ថែមពីនេះ គណៈប្រតិភូនៃកិច្ចប្រជុំ/សិក្ខាសាលា ព្រមទាំងថ្នាក់ដឹកនាំ និងបន្តពិភាក្សា ពិនិត្យ រៀបចំ និងអនុម័ត លម្អិតលើប្រធានបទជាក់លាក់ និងបច្ចុប្បន្នភាពនយោបាយ ពិសេសសភាប្រើភាសាបារាំង សម្រាប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០៖ តួនាទីរបស់សភាប្រើភាសាបារាំង ក្នុងការធ្វើឳ្យមានស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក និងអនុសាសន៍របស់សមាជិកសភា ដើម្បីធ្វើឳ្យសន្តិភាពក្លាយជាកម្លាំងចលករមួយក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ៕



























