ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងនៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជេីញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកម្មវិធីអន្តរជាតិ Pearson Edexcel នៅសាលាអន្តរជាតិវេស្ទឡាញន៍ សាខាក្រុងស្វាយរៀង។
ពិធីនេះមានការចូលរួមពី លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេទ្យខេសិន គ្រុបលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោកសាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លលោកអភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំសាលា វេស្ទឡាញន៍ លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុងស្រុកទាំង៨ ព្រមទាំងអាណាព្យាបាលសិស្សានុសិស្សជាច្រើនរូបទៀត។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនវេសឡាញ អេទ្យខេសិន គ្រុប ដែលបានផ្តល់នូវទំនុកចិត្ត និងបានសម្រេចចិត្តក្នុងការបើកសាខាសាលាអន្តរជាតិវេស្ទឡាញន៍ ដែលជាសាខាថ្មីរបស់ខ្លួន នៅក្នុងមូលដ្ឋានក្រុងស្វាយរៀងនាពេលនេះ ដែល Pearson Edexcel ជាកម្មវិធីសិក្សាស្តង់ដារអន្តរជាតិរបស់ចក្រភពអង់គ្លេស ត្រូវបានទទួលស្គាល់ទូទាំង ពិភពលោក និងមានប្រជាប្រិយភាពខ្លាំងសម្រាប់សាលាអន្តរជាតិនៅកម្ពុជា។
ឯកឧត្តម ប៉េង ពោធិ៍សា បានអះអាងថា ជាមួយវត្តមានសាលាអន្តរជាតិវេស្ទឡាញន៍ កម្មវិធីសិក្សានេះក៏នឹងត្រូវដាក់ឲ្យអនុវត្ត ត្រៀមសម្រាប់ទទួល និងធ្វើការបណ្តុះបណ្តាលដល់ប្អូនៗក្មួយៗជាសិស្សានុសិស្ស នៅក្នុងក្រុង និងខេត្តស្វាយរៀងផងដែរ។
ឯកឧត្តមបន្តថាវត្តមានរបស់សាលាអន្តរជាតិវេស្ទឡាញន៍នៅខេត្តស្វាយរៀង នាពេលនេះ គឺមិនត្រឹមតែជាការបង្ហាញឲ្យឃើញពីការរួមចំណែកយ៉ាងសំខាន់របស់វិស័យឯកជន ក្នុងការចូលរួមស្ថាបនា និងលើកកម្ពស់គុណភាពវិស័យអប់រំក្នុងខេត្តឲ្យកាន់តែមានការឈានឡើងមួយកម្រិតថែមទៀត ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្កើតបាននូវជម្រើស និងផ្តល់ភាពកាន់តែងាយស្រួល ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែលចង់ឲ្យកូនរបស់ខ្លួនបានរៀនសូត្រនៅសាលារៀន ដែលមានគុណភាពខ្ពស់បំពាក់ដោយសម្ភារៈទំនើប មានកម្មវិធីសិក្សាស្តង់ដារដូចប្រទេសជឿនលឿននានាកំពុងប្រើប្រាស់។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងនៅក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងចាត់ទុកការពង្រឹងសមត្ថភាព និងការកសាងធនធានមនុស្ស «កត្តាមនុស្ស» ជាអាទិភាព ហើយការពង្រឹងគុណភាពអប់រំជាកិច្ចការចម្បងដើម្បីគាំទ្រនិងបានគូសរំលេចយ៉ាងច្បាស់នៅក្នុងយុទ្ធសាស្ត្រ និ និងកម្មវិធីនយោបាយ ទាំងយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណ ទាំង៤ដំណាក់កាល ពិសេសនៅក្នុង បញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ អាណត្តិទី៧នេះ តែម្តង ដែលសរបញ្ជាក់ឲ្យឃើញថា គ្រប់ដំណើរការ និងគ្រប់ដំណាក់កាលទាំងអស់ នៃការកសាងជាតិ រាជរដ្ឋាភិបាល បានចាត់ទុកវិស័យអប់រំ និងការកសាងធនធានមនុស្ស ក៏ដូចជាការប្រើប្រាស់ធនធានបញ្ញាជាអាទិភាពចំពោះមុខដ៏ចម្បងរបស់ជាតិ។
ជាមួយគ្នានេះ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេទ្យខេសិន គ្រុបបានថ្លែងថា ក្នុងរយៈពេលជិតពីរទសវត្សរ៍មកនេះ វេសឡាញ អេឡូខេសិន គ្រុប បានដើរតួយ៉ាងសំខាន់និងជាគ្រឹះដ៏ ដោយបានវិវឌ្ឍន៍ខ្លួនក្លាយទៅជាចលករសង្គមដ៏មានឥទ្ធិពល ក្នុងការអភិវឌ្ឍវិស័យអប់រំនៅ រឹងមាំក្នុងវិស័យអប់រំកម្ពុជា។
តាមរយៈការចាប់ដៃគូជាមួយ Pearson Edexcel ដែលជាស្ថាប័នវាយតម្លៃ និងផ្តល់សញ្ញាបត្រដ៏ធំ បំផុតរបស់ចក្រភពអង់គ្លេស វេសឡាញ អេឡូខេសិន គ្រុប កំពុងធ្វើបរិវត្តកម្មលើកម្មវិធីអប់រំឱ្យកាន់តែប្រសើរដើម្បី អាចអភិវឌ្ឍសិស្សានុសិស្សឱ្យមានសមត្ថភាពបន្តការសិក្សាទាំងក្នុងនិងក្រៅប្រទេសបានកាន់តែទូលំទូលាយ។
ឧកញ៉ា ប៉ិច បូឡែន បានបន្តថា ជាងនេះទៅទៀតក្រុមហ៊ុនវេសឡាញ អេឡូខេសិន គ្រុប បាននឹងកំពុងសហការជាដៃគូជាមួយស្ថាប័នរដ្ឋនិង ឯកជនជាច្រើនទៀត ដើម្បីជំរុញដល់វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង។ ការឈានមកដល់ខួប១៨ឆ្នាំនេះ មិនត្រឹមតែជាសក្ខីភាពនៃភាពធន់ ការប្តេជ្ញាចិត្តចំពោះការអប់រំសម្រាប់ជីវិត និងការលះបង់មិនងាករេក្នុងការបណ្តុះបណ្តាលអ្នកដឹកនាំជំនាន់ក្រោយរបស់ជាតិប៉ុណ្ណោះទេ តែជារបត់ថ្មី ដែលក្រុមហ៊ុនវេសឡាញ អេឡូខេសិន គ្រុប ប្តេជ្ញាចិត្តចូលរួមអភិវឌ្ឍគុណភាពមូលធនមនុស្ស កសាងឧត្តមានុ ភាពសេដ្ឋកិច្ច លើកតម្កើងអត្តសញ្ញាណជាតិខ្មែរ និងវឌ្ឍនភាពសង្គមកម្ពុជាប្រកបដោយចីរភាព។
លោកបានគូសបញ្ជាក់ថា គោលបំណងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកម្មវិធីសិក្សា Pearson Edexcel និងដើម្បីអបអរសាទរដល់ការ ទទួលបានសិទ្ធិប្រើប្រាស់កម្មវិធីសិក្សានេះពីក្រុមហ៊ុន Pearson ចក្រភពអង់គ្លេស៕
































