អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ក្រើនរម្លឹកដល់ក្រុមការងារបក្ស ត្រូវពិនិត្យកម្លាំងការងារឱ្យហ្មត់ចត់ ទាំងសកម្មភាព និងធនធាន ដើម្បីបម្រើ និងបំពេញសេចក្ដីត្រូវការរបស់ប្រជាជន នៅតាមមូលដ្ឋានរបស់ខ្លូន


ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា​ ឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម, អនុប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ បានក្រើនរម្លឹកជាថ្មីដល់ថ្នាក់ដឹកនាំ មន្រ្តីគណបក្ស និងគណបក្សឃុំចំនួន ៦ ត្រូវពិនិត្យឡើងវិញឱ្យហ្មត់ចត់ទាំងកម្លាំងការងារ គឺកម្លាំងការងារពិត សកម្មភាពពិត និងធនធានពិត ដើម្បីបម្រើសេវាសាធារណៈ ជូនប្រជាជននៅតាមមូលដ្ឋានរបស់យើង ប្រកបដោយភាពកក់ក្ដៅ និងទំនុកចិត្ដខ្ពស់។

ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន ក្នុងឱកាសបានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីគណបក្ស និងគណបក្សឃុំចំនួន ៦ ក្នុងស្រុកជើងព្រៃ នៅទីស្នាក់ការគណបក្សស្រុក នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦នេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន បានថ្លែងទៀតថា «ឱកាសជួបជុំនាពេលនេះ គឺមានសារសំខាន់ខ្លាំងណាស់ ពិសេសដើម្បីក្រើនរម្លឹកនូវកិច្ចការងារដែលថ្នាក់ដឹកនាំក្បាលស៊ីន មន្ដ្រីក្រុមការងារគណបក្សទាំងអស់នៅស្រុកជើងព្រៃ ត្រូវប្រុងប្រយ័ត្ន និងខិតខំបំពេញការងារឱ្យបានច្បាស់លាស់ និងហ្មត់ចត់ ពិសេសក្នុងឃុំចំនួន៦ រួមមាន ឃុំផ្តៅជុំ, ឃុំខ្នុរដំបង, ឃុំគោករវៀង, ឃុំព្រៃចារ, ឃុំស្រម៉រ និងឃុំព្រីងជ្រុំ»។

លើសពីនោះឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំដល់មន្ដ្រីក្រុមការងារនៅតាមឃុំទាំង១០ នៃស្រុកជើងព្រៃ ត្រូវពិនិត្យមើលឡើងវិញនូវការងារមួយចំនួន រួមទាំងការផ្ដល់សេវាធ្វើអត្ដសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋយើង បើគ្រប់អាយុធ្វើអត្ដសញ្ញាណប័ណ្ណ សូមធ្វើជូនគាត់ ពិសេសករណីអត្ដសញ្ញាណប័ណ្ណហួសពុលភាព ត្រូវធ្វើជូនពួកគាត់ឱ្យបានលឿន ដើម្បីប្រជាជនយើង យកទៅប្រើប្រាស់តាមតម្រូវការទាន់ពេលវេលា។

ក្នុងឱកាសនោះផងដែរឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន បានផ្ដល់អនុសាសន៍គន្លឹៈសំខាន់ៗមួយចំនួន ដល់ក្បាលម៉ាស៊ីនដឹកនាំ និងក្រុមការងារ អនុវត្ដន៍ឱ្យបានកាន់តែល្អប្រសើរនូវភូមិ-ឃុំមានសុវត្ថិភាព និងយុត្ដិធម៌ ដែលសេចក្ដីត្រូវការរបស់ប្រជាជនជាចាំបាច់។

ជុំវិញនឹងបញ្ហាតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន បានជំរុញណែនាំថ្នាក់ដឹកនាំ ក្រុមការងារគណបក្ស ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជូនដល់ប្រជាជនឱ្យបានយល់ច្បាស់ ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការការពារអាយុជីវិតប្រជាជន និងការពារទឹកដី។ ជាងនេះទៅទៀតត្រូវបំផុសជំនឿជឿជាក់លើការដឹកនាំរបស់ សម្តេចតេជោ និង សម្តេចធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងបំផុសស្មារតីជាតិនិយម៕