នាព្រឹកថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក David Ginting ប្រធានក្រុមគម្រោង និងជាប្រធានក្រុមបេសកកម្ម នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងដើម្បីពិភាក្សាការងារស្ដីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដែលមានភាពធន់នឹងអាកាសធាតុ និងការកាត់បន្ថយគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដំណាក់កាលទី១(CCRSIWDFMP_Phase1) នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក David Ginting និងគណៈប្រតិភូក្រុមបេសកកម្ម ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងការគាំទ្រយ៉ាងសកម្មជាបន្តបន្ទាប់របស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) លើគម្រោងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ដែលស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ក្នុងការវិនិយោគលើការគ្រប់គ្រងធនធានទឹក សំដៅធានានូវសន្តិសុខទឹក ជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសំដៅកាត់បន្ថយឱ្យបានជាអតិបរមានូវគ្រោះមហន្តរាយធម្មជាតិដូចជា គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅនៃភពផែនដី។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដែលមានភាពធន់នឹងអាកាសធាតុ និងការកាត់បន្ថយគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (CCRSIWDFMP) ក្រោមហិរញ្ញប្បទានរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) អនុវត្តជាពីរដំណាក់កាល។ នៅដំណាក់កាលទី១ គម្រោងនេះអនុវត្តក្នុងខេត្តគោលដៅចំនួន៦គឺ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ដោយវិនិយោគលើការកែលម្អនិងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រសំខាន់ៗសរុបចំនួន១៥ប្រព័ន្ធ៕


