សមាជិកក្រុមប្រឹក្សាខេត្តតាកែវស្នើឱ្យអាជ្ញាធរចុះពិនិត្យមើលការសាងសង់រំលោភលើដីចំណីផ្លូវ ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់តាមដងផ្លូវល្អប្រសើរ


(តាកែវ)៖ ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តតាកែវ នាព្រឹកថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ អួក សមាជិក្រុមប្រឹក្សាខេត្តតាកែវ បានស្នើរឱ្យអាជ្ញាធរ រួមនិងមន្រ្តីពាក់ព័ន្ធយកចិត្តទុកដាក់ និងចុះពិនិត្យមើលការសាងសង់រំលោភលើដីចំណីផ្លូវរបស់រដ្ឋ ដើម្បីធានាបាននូវសុខសណ្ដាប់ធ្នាប់តាមដងផ្លូវ ពិសេសលើកកម្ពស់សោភ័ណ្ឌភាពបានល្អប្រសើរបន្ថែមទៀត។

ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្តតាកែវបានមានប្រសាសន៍ថាកន្លងមកនេះសង្កេតឃើញថានៅ តាមដងផ្លូវ ទីប្រជុំជន ពិសេសនៅតាមផ្សារ បងប្អូនអាជីវករ ប្រជាពលរដ្ឋតែងតែដាក់លក់ដូរ និងសាងសង់សំណង់តូចធំរំលោភលើដីចំណីផ្លូវរបស់រដ្ឋដែលបានហាមឃាត់ ករណីនេះសូមអាជ្ញាធរក្រុង-ស្រុក និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់បង្កើនការចុះត្រួតពិនិត្យ និងអប់រំណែនាំដល់អាជីវករ ប្រជាពលរដ្ឋ ធ្វើយ៉ាងណាកុំឱ្យសាងសង់សំណង់លើដីចំណីផ្លូវបន្តទៀត ដែលធ្វើឱ្យបានប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សោភ័ណ្ឌភាពតាមដងផ្លូវ។

ឆ្លើយតបទៅនឹងការលើកឡើងរបស់ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោក ស៊ុត ខុន អភិបាលរងខេត្តតាកែវបានមានប្រសាសន៍ថាពាក់ព័ន្ធនឹងបញ្ហាដីចំណីផ្លូវនេះ អាជ្ញាធរខេត្តបាននឹងកំពុងយកចិត្តទុកដាក់ និងបានដឹកនាំជម្រុញដល់ក្រុង-ស្រុក និងមន្រ្តីពាក់ព័ន្ធទាំងអស់ចុះតាមដានត្រួតពិនិត្យជាប្រចាំ និងរៀបចំសណ្ដាប់ធ្នាប់នៅតាមផ្សារ ទីប្រជុំជននានា ពិសេសតាមផ្លូវជាតិលេខ២ និងលេខ៣ និងផ្លូវខេត្តជាដើម មិនឱ្យមានការដាក់លក់ រឺសាងសង់សំណង់លើដីចំណីផ្លូវជាដាច់ខាត បើមានត្រូវឱ្យរុះរើចេញជាបន្ទាន់។

លោកអភិបាលរងខេត្តតាកែវបានបន្តថាបច្ចុប្បន្ននេះកំណាត់ផ្លូវជាតិលេខ២ ក៏ដូចជាផ្លូវមួយចំនួនក្នុងខេត្តកំពុងមានការកែលំអ និងសាងសង់បន្ថែមជាបន្តបន្ទាប់ ដូច្នេះដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍគម្រោងនេះ អាជ្ញាធរខេត្តក៏បានណែនាំដល់អាជ្ញាធរក្រុង-ស្រុកត្រូវ រៀបចំសុខសណ្ដាប់ធ្នាប់តាមដងផ្លូវឱ្យបានល្អប្រសើរ ដោះស្រាយបញ្ហាការសង់សំណង់រំលោភលើដីចំណីផ្លូវរបស់រដ្ឋឱ្យបានឆាប់ ដើម្បីធ្វើយ៉ាងណាលើកម្ពស់សោភ័ណ្ឌភាពតាមដងផ្លូវកាន់តែស្រស់ស្អាត និងកាត់បន្ថយការកកស្ទះ ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋផងដែរ៕