អតីតយុទ្ធជន និងនិវត្តជន ៩គ្រួសារ នៅស្រុកបវេល និងស្រុកថ្មគោល ទទួលបានផ្ទះថ្មី ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន


ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញប្រគល់ផ្ទះចំនួន៩ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​​​​ រ៉ានី ហ៊ុនសែន ជូនអតីតយុទ្ធជនចំនួន ៩គ្រួសារ នៅស្រុកបវេល និងស្រុកថ្មគោល។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក៏បានផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគ និងពូជមាន់ ពូជទា ដល់អតីតយុទ្ធជនដើម្បីសម្រាលការលំបាក និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ។

ឯកឧត្តម សុខ លូ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជនដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃ បានលះបង់សាច់ស្រស់ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាព និងមានការអភិវឌ្ឍ រីកចម្រើនរហូតដល់សព្វថ្ងៃ។

ឯកឧត្តមក៏បានណែនាំដល់អតីតយុទ្ធជនត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ខិតខំបង្កើនការដាំដុះ និងចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះក្រុមការងារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបាត់ដំបង ដែលបានយកចិត្តទុកដាក់ គិតគូដល់សុខទុក្ខ និងមើលថែអតីតយុទ្ធជននៅក្នុងមូលដ្ឋាន របស់ខ្លួនបានយ៉ាងល្អប្រសើរ។

បន្ថែមពីនេះឯកឧត្តម សុខ លូ បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរ និងបណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដោះស្រាយចំពោះ ជីវភាព សុខភាព និងបញ្ហាប្រឈមនានារបស់អតីតយុទ្ធជនឱ្យបានកាន់តែល្អប្រសើរឡើង៕