ខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា! អភិបាលខេត្តតាកែវ អរគុណ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្មករ កម្មការិនី ដែលជាកម្លាំងចលករជំរុញសេដ្ឋកិច្ចខេត្តឱ្យមានការរីកចម្រើន


រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ បានរៀបចំអបអរសាទរខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ» ដែលកម្មវិធីនេះត្រូវបានរៀបចំឡើងនៅភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

នៅក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់បងប្អូនកម្មករ កម្មការិនីជាកម្លាំងពលកម្មទាំងអស់ ដែលជាចលករយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចខេត្តឱ្យមានការរីកចម្រើន។

ឯកឧត្តមអភិបាលខេត្តតាកែវ បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួនដល់បងប្អូនកម្មករ កម្មការិនីតាមបណ្តារោងចក្រទាំងអស់នៅទូទាំងខេត្ត ត្រូវខិតខំឧស្សាហ៍ព្យាយាម បង្កើនជំនាញ និងបំពេញការងារប្រកបដោយវិន័យ និងប្រសិទ្ធភាព ព្រោះនេះជាកត្តាសំខាន់បំផុត ក្នុងការទាក់ទាញអ្នកវិនិយោគទុនបរទេស ឱ្យមកបណ្តាក់ទុននៅខេត្តតាកែវ ឱ្យបានកាន់តែច្រើននោះវានឹងបង្កើតឱកាសការងារ និងចំណូលជូនដល់បងប្អូនកូនក្មួយក្នុងមូលដ្ឋានកាន់តែសម្បូរណ៍បែប។

ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងសិទ្ធិសេរីភាពរបស់បងប្អូនកម្មករ តាមរយៈការធានានូវលក្ខខណ្ឌការងារសមរម្យ សុវត្ថិភាព និងអត្ថប្រយោជន៍ផ្សេងៗ ដើម្បីកសាងកម្លាំងពលកម្មមួយដែលមានភាពធន់ទៅនឹងការប្រែប្រួលនៃសេដ្ឋកិច្ចសកល។

ក្រោមបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយភាពសប្បាយរីករាយ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនពលករគ្រប់រូបក្នុងខេត្ត៕