រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា


នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងនូវកតញ្ញូតាធម៌ ដើម្បីថ្វាយព្រះពរជ័យមង្គល ចំពោះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា ដែលនឹងឈានចូលមកដល់នាថ្ងៃទី១៤ ខែឧសភា ខាងមុខ។

ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងសមរម្យ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានវត្តមាននិមន្តចូលរួមពី ព្រះមេគណខេត្តទាំងពីរគណៈ ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្តយ៉ាងច្រើនកុះករ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានអានសារលិខិតថ្វាយព្រះពរ ក្នុងនាមរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ និងប្រជានុរាស្ត្រទូទាំងខេត្តពោធិ៍សាត់ ដោយបានសម្តែងនូវស្មារតីចងចាំមិនអាចបំភ្លេចបាននូវព្រះមហាករុណាទិគុណដ៏ជ្រាលជ្រៅ និងព្រះព្រហ្មវិហារធម៌របស់ព្រះអង្គ ដែលតែងតែយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខរបស់ប្រជានុរាស្ត្រ ជាពិសេសវិស័យមនុស្សធម៌ សាសនា និងការអប់រំ។

ខ្លឹមសារនៃសារលិខិតបានគូសបញ្ជាក់ថា៖ «ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រគ្រប់ព្រះអង្គ ជាពិសេស ព្រះបរមរតនកោដ្ឋ សូមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំពរជ័យថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ។»

ជាកិច្ចបញ្ចប់ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការទាំងអស់ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្តតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន និងសិរីសួស្តី ថ្វាយព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕