ឯកឧត្តម ផៃ ប៊ុនឈឿន ណែនាំអាជ្ញាធរខេត្តស្ទឹងត្រែង យកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ទប់ស្កាត់ និងបង្ក្រាបបទល្មើស Online Scams នៅក្នុងមូលដ្ឋាន


ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង​ ក្នុងឱកាសបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប្រចាំ ត្រីមាសទី១ និងលើកទិសដៅអនុវត្តបន្ត នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានណែនាំបន្ថែមដល់អាជ្ញាធរខេត្តស្ទឹងត្រែង ​និងគ្រប់ភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋានឱ្យបានម៉ឹងម៉ាត់ ក្រោមគោលការណ៍ «ភូមិ ឃុំ មានសុវត្ថិភាព»។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានគូសបញ្ជាក់ថា ស្ថានភាពមិនប្រាកដប្រជាផ្នែកនយោបាយ សេដ្ឋកិច្ច វិបត្តិ និងទំនាស់តាមតំបន់នានានៅក្នុងសកលលោក ធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចប្រជាពលរដ្ឋ។ ដូចនេះការចុះមូលដ្ឋានជាប្រចាំ គឺជាស្ពានភ្ជាប់ដ៏សំខាន់រវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដើម្បីធានាថាគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ ត្រូវបានអនុវត្តដល់គោលដៅ និងឆ្លើយតបតាមតម្រូវការពិតប្រាកដនៅមូលដ្ឋាន។

ជាមួយគ្នានោះ ឯកឧត្តម ផៃ ប៊ុនឈឿន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ របស់ថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ដែលបានអនុវត្តការងាររបស់ខ្លួនកន្លងមក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដោយបានកែប្រែមុខមាត់ ខេត្តស្ទឹងត្រែង ឱ្យមានការរីកចម្រើនស្ទើរគ្រប់វិស័យ ស្របតាមគោលនយោបាលរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិ៧ ដែលបានដាក់ចេញ។

ឯកឧត្តម ផៃ ប៊ុនឈឿន បានគូសបញ្ជាក់ថា អាជ្ញារធត្រូវបន្តពង្រឹងការងារចុះមូលដ្ឋានឱ្យកាន់តែស៊ីជម្រៅ និងប្រសិទ្ធភាព ខិតខំដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា បង្កើនការផ្សព្វផ្សាយគោលនយោបាយ រាជរដ្ឋាភិបាល ដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ និងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។

ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក គឺជាមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រដល់រដ្ឋបាលមូលដ្ឋានក្នុងការអនុវត្តមុខងារ តួនាទី ភារកិច្ចក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រួមចំណែកក្នុងការ លើកកម្ពស់ជីវភាពរស់នៅ ការប្រកបមុខរបរ ការឆ្លើយតបសំណូមពរ ដោះស្រាយបញ្ហាប្រឈម សំណើរ សំណូមពររបស់ប្រជាពលរដ្ឋ ជាពិសេសវិវាទក្នុងមូលដ្ឋានដែលនៅសេសសល់ជាច្រើនឆ្នាំ។

បើតាមឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានសង្កេតឃើញថា ក្រុង ស្រុកណា ដែលបានរៀបចំវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាល ជាប់ជាប្រចាំនៅតាមមូលដ្ឋានក្រុង ស្រុក ដើម្បីដោះស្រាយបញ្ហាប្រឈមកង្វល់ សំណូមពរមួយចំនួនរបស់ប្រជាជនត្រូវបានដោះស្រាយ ហើយត្រូវបានកាត់បន្ថយ។

ឯកឧត្តមអភិបាលខេត្តសង្ឃឹមថា វេទិកាសាធារណៈ ដែលរៀបចំដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក និងមានជាប់ជាប្រចាំ ដើម្បីជួយសម្រួល បញ្ហាប្រឈមកង្វល់ សំណូមពរមួយចំនួនរបស់ប្រជាជនត្រូវបានដោះស្រាយ ។

ទទ្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ក្រោមកិច្ចសហការរវាងអយ្យការអមសាលាដំបូងខេត្ត ​និងរដ្ឋបាលខេត្តបានចុះទៅផ្សព្វផ្សាយច្បាប់ប្រឆាំងបទល្មើស Online Scams តាមបណ្តាក្រុង ស្រុក រហូតដល់មូលដ្ឋាន ដែលមានការកោតសរសើរពីថ្នាក់លើ ហើយយន្តការនេះ​មានតែខេត្តស្ទឹងត្រែងមួយ៉ុណ្ណោះដែលបានធ្វើមុនគេ ដើម្បីឱ្យស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រនានាដែលបានកំណត់ ជាពិសេសគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»៕