អបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា! អភិបាលខេត្តបន្ទាយមានជ័យ​ រំឭកគុណដល់អតីតយុទ្ធជន​ ដែលតស៊ូលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារទឹកដីជូនជាតិមាតុភូមិ និងប្រជាជន


ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ បានរំឭកគុណបងប្អូនអតីតយុទ្ធជនដែលបានប្រឹងប្រែងតស៊ូលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារទឹកដីជូនជាតិមាតុភូមិ ឱ្យទទួលបានសុខសន្តិភាពរហូតបច្ចុប្បន្ននេះ។

ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យរូបនេះ បានបញ្ជាក់ថា ការធ្វើពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់អតីតយុទ្ធជនកម្ពុជា និងប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាលប្រវត្តិសាស្រ្ដ គឺបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការការពារបូរណភាពទឹកដីការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានសន្តិភាព និងការអភិវឌ្ឍសេដ្ធកិច្ច និងសង្គមដើម្បីឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ការរំឭកគុណបែបនេះ របស់ឯកឧត្តម អ៊ុំ រាត្រី បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពជាមួយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត រៀបចំអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ឧសភា ២០២៦​ ដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យស័ក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិ និងប្រជាជនកម្ពុជា​ ព្រមទាំងប្រកាសសមាសភាពគណៈកម្មាធិការសមាគម​អតីតយុទ្ធជន​ និងនិវត្តន៍ជនកម្ពុជា​ ទាំង៩ ស្រុក-ក្រុង ផងដែរ។

ពិធីនេះមានការចូលរួមពីសំណាក់សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ អភិបាលក្រុង ស្រុកទាំង៩ សមាគមអតីតយុវជន និងនិវត្តជនកម្ពុជា និងអ្នកពាក់ព័ន្ធជាង៣០០នាក់។

ឯកឧត្តម ប្លែក វ៉ារី បានពាំនាំនូវការសួរសុខទុក្ខ និងការដឹងគុណយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់។

ពិធីរៀបចំពិធីនេះគឺជាការរំឭកយ៉ាងច្បាស់នូវការគោរពដ៏ខ្ពង់ខ្ពស់របស់ជាតិចំពោះវីរភាពរបស់អ្នកដែលបានបម្រើជាតិ និងធានាថាស្មារតីនៃការស្វែងរកសន្តិភាព នៅតែជាស្នូលនៃការអភិវឌ្ឍប្រទេសកម្ពុជាជានិរន្តរ៍៕