សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យកម្ពុជា និងអាស៊ែបៃហ្សង់ បំពេញឱ្យគ្នារវាងស្បៀង និងថាមពល


សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ចង់ឃើញកម្ពុជា និងអាស៊ែបៃហ្សង់ លើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មតាមរយៈការបំពេញឱ្យគ្នារវាងស្បៀង និងថាមពល ដែលជាសក្តានុពលនៃប្រទេសទាំងពីរ។

នៅព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បាន​អនុ​ញ្ញាត​ឱ្យលោក Elchin Amirbayov តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ ទទួល​បន្ទុក​កិច្ចការពិសេស និងសហការី ចូលជួបសម្តែងការគួរសមនៅវិមានសាមគ្គីភាពនៃព្រឹទ្ធ​សភា​កម្ពុជា។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្ដើម​នៃជំនួបនោះ សម្តេច​​តេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍​ចំពោះវត្ត​មានរបស់​តំណាង​ប្រធានា​ធិបតីអាស៊ែបៃហ្សង់ និងសហការី ដែលបំពេញទស្សនកិច្ចនៅ​កម្ពុជា។ សម្ដេចតេជោ បានចាត់​ទុក​ដំណើរទស្សនកិច្ចរបស់​តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់​នៅពេល​នេះ​ ជា​ការ​រួម​ចំណែកដោយការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងអាស៊ែបៃហ្សង់ ឱ្យកាន់តែ​រឹងមាំ​បន្ត​ទៀត​។

ក្នុងឱកាសនោះ តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ បានអរគុណ​ជា​អនេក​ចំពោះ​សម្ដេច​តេជោ ដែលបានអនុញ្ញាតលោក និងសហការីបានជួបសម្ដែង​ការគួរសម។

តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ បានស្ញប់ស្ញែង អំពីការអភិវឌ្ឍនៅក្នុងប្រទេស​កម្ពុជា។ លោក បានលើកឡើងថា ប្រទេសកម្ពុជា ពិតជាមានការរីកចម្រើនយ៉ាង​ឆាប់​រហ័ស។ ជាមួយគ្នានេះ តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ បានបញ្ជាក់ថាទំនាក់ទំនង​រវាង​កម្ពុជា និងអាស៊ែបៃហ្សង់ មានភាពរីកចម្រើន និងមានភាពល្អប្រសើរ។ បន្ថែមពីលើ​នេះ លោក បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅមានសក្តានុពលជា​ច្រើន​ទៀត ដែលប្រទេសទាំងពីរអាចធ្វើជាមួយគ្នា។

ឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងទៀតថា តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ បានសង្កត់ទៅ​លើ​កិច្ចសន្ទនានយោបាយ ដែល​ប្រទេស​ទាំងពីរមានជាមួយគ្នា ដែលជាផ្នែកធ្វើឱ្យ​ទំនាក់​ទំនង​នេះ កាន់តែរឹងមាំ។ បន្ថែម​ពីលើនេះ លោកក៏សំឡឹងមើលនៃការពង្រីកទំនាក់ទំនង​ទៅលើវិស័យ​កសិកម្មទេស​ចរណ៍​​ដែលបម្រើដល់ក្របខណ្ឌនៃសេដ្ឋកិច្ច និងពាណិជ្ជ​កម្ម​រវាងកម្ពុជា និងអាស៊ាបៃ​ហ្សង់។

សម្ដេចតេជោ ហ៊ុន សែន រីករាយចំពោះការលើកឡើងរបស់តំណាង​ប្រធានាធិបតី​អាស៊ែ​បៃហ្សង់ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកទំនាក់ទំនង​នៅក្នុងក្របខណ្ឌ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ។ សម្ដេចតេជោ បានបន្តថា ជាញឹកញាប់សម្តេច​ចង់ឃើញ​ទំនាក់ទំនងរវាងប្រទេសនីមួយៗ ជាពិសេសនិយាយដោយឡែករវាងកម្ពុជា និងអាស៊ែ​បៃហ្សង់ គឺស្របទៅនឹងទំនាក់ទំនងនយោបាយល្អជាមួយគ្នានេះ ត្រូវពង្រីកនូវ​ទំនាក់​ទំនង​ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគឱ្យកាន់តែរីកចម្រើន។

សម្ដេចតេជោប្រមុខរដ្ឋស្តីទី សង្កត់ធ្ងន់ថា អាស៊ែបៃហ្សង់ ជាប្រទេសដែលមានសន្តិ​សុខ​ថាមពល គឺជាប្រទេសសម្បូរដោយថាមពល រីឯកម្ពុជាជាប្រទេសមានសន្តិ​សុខ​ស្បៀង ដែលមានលទ្ធភាពក្នុងការផលិតស្បៀងបានច្រើន។ ដូច្នេះប្រទេសទាំងពីរ អាច​ពង្រីក​ទំនាក់​ទំនងគ្នាបន្ថែមក្នុងក្របខណ្ឌ នៃការបំពេញឱ្យគ្នាទៅវិញទៅមក។ កម្ពុជា បំពេញ​ស្បៀងដល់អាស៊ែបៃហ្សង់ ហើយអាស៊ែបៃហ្សង់ បំពេញសន្តិសុខថាមពល​ដល់​កម្ពុជា ដែលនេះជាចំណងមិត្តភាពមួយបន្ថែមទៀត ​តាមរយៈការពង្រីកនូវពាណិជ្ជកម្ម​តាម​បំពេញ​​ឱ្យគ្នាទៅវិញទៅមក៕