នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំណាលើ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ មេឃុំ ក្រុមប្រឹក្សាឃុំ និងសមាជិក សមាជិកា ក្នុងមូលដ្ឋានឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីផ្សព្វផ្សាយអំពីកម្មវិធី «គេហដ្ឋានស្អាត និងបរិស្ថានស្អាត» ទូទាំងឃុំ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានផ្ដល់ការណែនាំដល់សមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការរស់នៅដោយប្រកាន់ខ្ជាប់នូវអនាម័យជាចម្បង ផ្អែកលើទស្សនទាន «រស់នៅស្អាត ហូបស្អាត និងផ្ទះមានបរិស្ថានស្អាត» ដែលនាំមកនូវសុខភាពល្អ និងជួយកាត់បន្ថយការចំណាយលើសេវាថែទាំសុខភាពក្នុងគ្រួសារ។ លើសពីនេះ យន្តការនេះនឹងប្រែភូមិឋានក្នុងឃុំទាំងមូល ឱ្យក្លាយជាតំបន់ដែលមានបរិស្ថានល្អប្រសើរ និងមានការអភិវឌ្ឍរីកចម្រើនជាលំដាប់។
បន្ទាប់ពីកិច្ចសំណេះសំណាល ឯកឧត្តមប្រធានក្រុមការងារ ក៏បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការសាងសង់អគារគណបក្សឃុំ និងសមិទ្ធផលនានាក្នុងមូលដ្ឋាន រួមមាន៖ ផ្លូវបេតុង សាលារៀន និងអណ្តូងទឹកស្អាត ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងជំរុញការអភិវឌ្ឍក្នុងឃុំចំណាលើ ឱ្យកាន់តែមានសោភ័ណភាព និងភាពសម្បូរសប្បាយឡើង៕


