ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ដើម្បីបន្តពិនិត្យ និងតាមដានវឌ្ឍនភាពនៃការងាររៀបចំសេចក្តីព្រាងប្រកាសស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប នៅទីស្ដីការក្រសួង។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់អំពីការខិតខំជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការពាក់ព័ន្ធដែលបានរៀបចំសេចក្តីព្រាងប្រកាស ដើម្បីដាក់ជូនអង្គប្រជុំនាថ្ងៃនេះ។ ឆ្លៀតឱកាសនេះ លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការ បានរាយការណ៍អំពីវឌ្ឍនភាពនៃការរៀបចំ និងខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងប្រកាសនេះ។ ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានពិភាក្សា និងផ្តល់ធាតុចូលយ៉ាងផុសផុលទៅលើវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងប្រកាសនេះ ដែលជាលិខិតបទដ្ឋានគតិយុត្តមួយ ដើម្បីចូលរួមពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងាររបស់ក្រសួងឱ្យកាន់តែមានភាពច្បាស់លាស់ និងពេញលេញ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធត្រូវខិតខំជំរុញនិងពន្លឿនការរៀបចំឯកសារ និងលិខិតបទដ្ឋានគតិយុត្តអាទិភាពរបស់ក្រសួង ព្រមទាំងបន្តជំរុញការអនុវត្តនូវយុទ្ធសាស្រ្តព៤ជ៤ ប្រកបដោយការទទួលខុសត្រូវខ្ពស់។










