ឯកឧត្តម ឆាយ ឫទ្ធិសែន និងលោកជំទាវ ដឹកនាំគណៈប្រតិភូ អញ្ជើញថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះគ្រូវិសាលសីលគុណ ឱម អៀន ព្រះអនុគណស្រុកសាមគ្គីមានជ័យ និងជាព្រះចៅអធិការវត្តត្បែងខ្ពស់


ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកជំទាវ វង គន្ធារី ឆាយឫទ្ធិសែន នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូដែលជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង ១៨ នៃសាមគ្គីមានជ័យ និងស្រុកទឹកផុស អញ្ជើញថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះគ្រូវិសាលសីលគុណ ឱម អៀន ព្រះអនុគណស្រុកសាមគ្គីមានជ័យ និងជាព្រះចៅអធិការវត្តត្បែងខ្ពស់ បានទទួលអនិច្ចធម្ម កាលពីថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៤:៣០ នាទីទៀបភ្លឺ ក្នុងព្រះជន្មាយុ ៨៤ ព្រះវស្សា ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោករដ្ឋមន្ដ្រី និងគណៈប្រតិភូរួមដំណើរ បានសម្ដែងនូវការសោកស្តាយ និងសូមចូលរួមរំលែកនូវមរណទុក្ខជាមួយ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ អាចារ្យ គណៈកម្មការវត្ត ពុទ្ធបរិស័ទជិត ឆ្ងាយ វត្តត្បែងខ្ពស់ ព្រមទាំងក្រុមគ្រួសារនៃព្រះសព ចំពោះការបាត់បង់នូវឥស្សសមណសង្ឃ ពហុស្សូត និងជាសមណសត្យបុត្តដ៏ឆ្នើមមួយព្រះអង្គ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានលះបង់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណក្នុងបុព្វហេតុចូលរួមចំណែកលើកស្ទួយតម្លៃវប្បធម៌ជាតិ និងព្រះពុទ្ធសាសនា។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ដ្រី និងគណៈប្រតិភូរួមដំណើរ បានឧទ្ទិសមហាកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះគ្រូវិសាលសីលគុណ ឱម អៀន សូមបាននិមន្តទៅចាប់បដិសន្ធិក្នុងឋានបរមសុខ គឺព្រះនិព្វាន កុំបីឃ្លៀងឃ្លាតឡើយ៕