រដ្ឋមន្ត្រី ហួត ហាក់៖ បរិវត្តកម្មឌីជីថល ជាគន្លឹះអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យទំនើប និងប្រកួតប្រជែង


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារបរិវត្តកម្មឌីជីថលរបស់ក្រសួងទេសចរណ៍ ដើម្បីស្តាប់នូវរបាយការណ៍សង្ខេប ព្រមទាំងតាមដាន ពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាលើទិសដៅការងារបន្ត ក្នុងការជំរុញការអភិវឌ្ឍ និងការអនុវត្តបច្ចេកវិទ្យាឌីជីថលឱ្យកាន់តែទំនើប ប្រកបដោយនវានុវត្តន៍ និងចីរភាពក្នុងវិស័យទេសចរណ៍ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រីជាថ្នាក់ដឹកនាំក្រសួង លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន នាយករងវិទ្យាស្ថាន ព្រមទាំងលោក លោកស្រី នាងកញ្ញាជាមន្ត្រីរាជការនៃក្រសួងទេសចរណ៍ សរុប ៣៩នាក់។

រដ្ឋមន្ត្រី ហួត​ ហាក់ បានគូសបញ្ជាក់ពីការពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ការគ្រប់គ្រងទិន្នន័យទេសចរណ៍ ការផ្សព្វផ្សាយទេសចរណ៍តាមប្រព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនគុណភាពសេវាកម្ម និងភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា។

រដ្ឋមន្ត្រី ហួត​ ហាក់ បានណែនាំឱ្យក្រុមការងារបន្តពង្រឹងសមត្ថភាព និងសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីធានាថាការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ អាចឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍សកល និងតម្រូវការរបស់ភ្ញៀវទេសចរនាពេលបច្ចុប្បន្ន និងអនាគត៕