រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញធ្វើជំរឿនមន្រ្តីរាជការ ដើម្បីគ្រប់គ្រងទិន្នន័យ និងស្ថានភាពមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា


ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញធ្វើជំរឿនមន្រ្តីរាជការ ដែលបានសហការរៀបចំឡើង ដោយក្រសួងមុខងារសាធារណៈ និង ក.ប.ទ. រយៈពេលពីរថ្ងៃ នៅទីស្ដីការ ក.ប.ទ.។

ថ្លែងក្នុងពិធីធ្វើជំរឿន ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើជំរឿនមន្ត្រីរាជការ តាមរយៈការជំរុញការចូលរួមពីមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងការសម្របសម្រួលឱ្យដំណើរការបានរលូន និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ការធ្វើជំរឿនមន្ត្រីរាជការ គឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពរដ្ឋបាលសាធារណៈដោយប្រើបច្ចេកវិទ្យា ធានាភាពត្រឹមត្រូវនៃទិន្នន័យធនធានមនុស្ស គាំទ្រដល់ការរៀបចំផែនការអភិវឌ្ឍសមត្ថភាពមន្ត្រី សំដៅកសាងរដ្ឋបាលសាធារណៈទំនើប និងបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ ស្របតាមចក្ខុវិស័យ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។