ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងរដ្ឋបាលខេត្តកែប ជួបពិភាក្សាការងារជាមួយគ្នារួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ


នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន យោង អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញមកសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកែប។

ជំនួបនេះបានប្រព្រឹត្តទៅ នៅសាលប្រជុំក្រុមប្រឹក្សាសាលាខេត្តកែប ក្នុងភាពស្និទ្ធស្នាល និងប្រកបដោយមិត្តភាព ដោយភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិភាក្សាអំពីការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ក៏ដូចជាការជំរុញការអភិវឌ្ឍលើវិស័យនានា។

ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរក៏បានផ្តោតការពិភាក្សាលើបញ្ហាបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលកំពុងក្លាយជាបញ្ហាប្រឈមមួយនាពេលបច្ចុប្បន្ន ដោយបានសង្កត់ធ្ងន់ លើការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យា និងបទល្មើសឆ្លងដែនផ្សេងៗ សំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តម ប៊ុន យោង អភិបាលរងខេត្តកែប បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានលើកឡើងអំពីសក្តានុពល និងការរីកចម្រើនរបស់ខេត្តកែប ព្រមទាំងបញ្ជាក់ពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក្នុងការចូលរួមអនុវត្តវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ទម្រង់ ជាពិសេសបទល្មើសតាមប្រព័ន្ធអនឡាញ។

ជាមួយគ្នានេះ ឯកឧត្តម វ៉ាង វិនពីន បានថ្លែងអំណរគុណ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់រដ្ឋបាលខេត្តកែប និងបានសម្តែងការគាំទ្រ ចំពោះការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងការអភិវឌ្ឍរវាងកម្ពុជា-ចិន ឲ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត៕