អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំពិគ្រោះយោបល់ពាក់ព័ន្ធលទ្ធផលបឋម នៃការរៀបចំរបាយការណ៍ វាយតម្លៃ ផលប៉ះពាល់បរិស្ថានពេញលេញសម្រាប់គម្រោងវារីអគ្គិសនី ព្រែកល្អាង១ ព្រែកល្អាង២


នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈជាមួយស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញក្នុងខេត្តពាក់ព័ន្ធទៅនឹងលទ្ធផលបឋម នៃការរៀបចំរបាយការណ៍វាយតម្លៃ ផលប៉ះពាល់បរិស្ថានពេញលេញសម្រាប់គម្រោងវារីអគ្គិសនីព្រែកល្អាង១ ព្រែកល្អាង២។

កិច្ចប្រជុំប្រជុំនេះត្រូវបានរៀបចំធ្វើឡើងនៅ សាលប្រជុំអគារ (A) សាលាខេត្តដោយមានការចូលរួម ពីអភិបាលរងខេត្ត និងប្រធានមន្ទីរជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

សូមបញ្ជាក់ថា ទីតាំងគម្រោងវារីអគ្គិសនី ព្រែកល្អាង១ ព្រែកល្អាង២ មានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិវីរៈជ័យ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី មានចម្ងាយ ប្រមាណ ៩៤ គីឡូម៉ែត្រ ពីក្រុងបានលុង ខេត្តរតនគិរី និងស្ថិតជិត ព្រំដែនកម្ពុជា វៀតណាម និងឡាវ។

ទំហំផ្ទៃដីគម្រោងវារីអគ្គិសនីព្រែកល្អាង១ មានចំនួន៣៧៨ ហិកតា និងព្រែកល្អាង២ចំនួន២៣១០,២០ ហិកតា។ ហើយគម្រោងវារីអគ្គិសនីព្រែកល្អាង ១ អានុភាព ៦០មេហ្គាវ៉ាត់ និងព្រែកល្អាង ២អានុភាព ៥០មេហ្គាវ៉ាត់ ដែលធ្វើការវិនិយោគដោយ ក្រុមហ៊ុន អេនើសួរ ឯ.ក (ENESURE CO., LTD.)៕