ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «សេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្នាំ២០២៦-២០៣៣» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ។ អញ្ជើញចូលរួមក្នុងសិក្ខាសាលានាពេលនេះរួមមានវត្តមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំគម្រោងដៃគូអភិវឌ្ឍន៍នៃក្រសួងអភិវឌ្ឍន៍ជនបទ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត និងទីប្រឹក្សាបច្ចេកទេស សរុបប្រមាណ ២៥០នាក់។
នាឱកាសនោះដែរ ឯកឧត្តម ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងផ្តោតសំខាន់លើការលើកកម្រិតគុណភាព និងការថែទាំផ្លូវជនបទឱ្យមាននិរន្តរភាព ដើម្បីតភ្ជាប់ និងសមាហរណកម្មវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ រវាងតំបន់ជនបទ ទីប្រជុំជននិងទីក្រុង ផ្សាភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើក និងកាន់តែសកម្មឡើងបន្ថែមទៀត ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើនប្រាក់ចំណូលរបស់គ្រួសារនៅក្នុងតំបន់ជនបទ ដូចពាក្យស្លោក «មានផ្លូវ មានសង្ឃឹម» ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញប្រសិទ្ធភាពនៃវិស័យភស្តុភារកម្មផងដែរ។ ក្នុងន័យនេះ ក្រសួងបានធ្វើការកែទម្រង់ជាច្រើនលើកិច្ចការស្ថាបនាផ្លូវជនបទប្រកបដោយគុណភាព ដើម្បីធានាភាពធន់នឹងការប្រែប្រួលអាកាសធាតុ ហើយដែលអាចឱ្យគ្រួសារប្រជាពលរដ្ឋនៅជនបទប្រើប្រាស់បានគ្រប់រដូវកាល។
សិក្ខាសាលាពិគ្រោះយោបល់បានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញដោយសង្ខេបអំពីសេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្នាំ២០២៦-២០៣៣ ដោយ លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ។ ជាមួយគ្នានោះដែរ អង្គសិក្ខាសាលាបានធ្វើការពិភាក្សាយ៉ាងផុលផុស លើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រនេះ ព្រមទាំងបានចូលរួមផ្ដល់មតិយោបល់ដែលជាធាតុចូលដ៏សំខាន់បន្ថែមទៀត ធ្វើឱ្យសេចក្ដីព្រាងនេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងក្លាយជាឯកសារគតិយុត្ត និងផែនទីបង្ហាញផ្លូវសម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធផ្លូវជនបទ។
បន្ទាប់បទបង្ហាញ និងកិច្ចពិភាក្សារួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារចំពោះកិច្ច ដែលខិតខំរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្នាំ២០២៦-២០៣៣ បានយ៉ាងល្អប្រសើរ ព្រមទាំងបានថ្លែងអំណរគុណចំពោះអង្គសិក្ខាសាលាទាំងមូល ដែលបានចូលរួមកិច្ចពិភាក្សា និងផ្តល់ជាធាតុចូលយ៉ាងសកម្មក្នុងអង្គសិក្ខាសាលាដ៏មានសារៈសំខាននាពេលនេះ ដើម្បីឱ្យការរៀបចំផែនការយុទ្ធសាស្រ្តនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយបន្ថែមទៀត។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារបច្ចេកទេសដែលទទួលរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ត្រូវពិនិត្យ និងដាក់បញ្ចូលនូវរាល់ធាតុចូលដែលទទួលបានពីអង្គសិក្ខា ព្រមទាំងបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីឱ្យផែនការយុទ្ធសាស្រ្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្នាំ២០២៦-២០៣៣ ឱ្យបានគ្រប់ជ្រុងជ្រោយ អាចអនុវត្តបានជោគជ័យប្រកបដោយភាពប្រាកដនិយម ដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៥-២០៣៥៕


































