(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា គ្មានពន្ធដារស្រុកណាស្រួលជាងពន្ធដារកម្ពុជានោះទេ ហើយអ្វីដែលរាជរដ្ឋាភិបាលចង់បានលើការងារបង់ពន្ធ គឺមានការយល់គ្នា រវាងមន្ត្រី និងអ្នកបង់ពន្ធ ជាជាងការយល់ថា ជាអ្នកមានកំហុស និងអ្នកចាប់កំហុស។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីសម្ពោធអគារទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដែលមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីរាជការពន្ធដារ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា គ្មានពន្ធដារស្រុកណាស្រួលជាងពន្ធដារកម្ពុជានោះទេ ដែលអាចផ្តល់យោបល់គ្នា និងយោគយល់គ្នាបាន ប៉ុន្តែការយោគយល់នេះគឺជាដំណាក់កាលអន្តរកាល ហើយដល់ពេលមួយ គឺគ្រប់គ្នា ទាំងអ្នកបង់ពន្ធ ទាំងមន្ត្រីពន្ធដារ អាចយល់ដូចគ្នាថា កូដដូចគ្នា កាតព្វកិច្ច និងការទទួលខុសត្រូវ និងមានការយោគយល់តិច និងអនុវត្តន៍ទៅតាមគោលការស្មើរភាពគ្នាឱ្យច្រើន នេះជាអ្វីដែលពន្ធដារចង់បាន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «អ្វីដែលពន្ធដារយើងចង់បានគឺមានការយល់គ្នា រវាងមន្ត្រី និងអ្នកបង់ពន្ធ ជាជាងអ្នកចាប់កំហុស និងអ្នកខុសទៅជាដៃគូរ នៅក្នុងការអនុវត្តន៍គោលការណ៍នេះ ឱ្យបានច្រើនតាមការតព្វកិច្ចរៀងៗខ្លួន»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា សម្រាប់នីតិវិធីនៅថ្ងៃខាងមុខសម្រាប់វិស័យពន្ធដារនេះ និងធ្វើយ៉ាងពង្រីកនីតិវិធី ដើម្បីកាត់បន្ថយភាពស្មុគស្មាញឱ្យបានច្រើន ដើម្បីកុំឱ្យមានភាពមិនប្រាកដប្រជា នាំឈឺក្បាលទាំងមន្ត្រីពន្ធដារ និងអ្នកមកបង់ពន្ធ៕




































































