(កណ្ដាល)៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជួបសំណេះសំណាល និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមគ្រួសារវីរៈកងទ័ពជួរមុខ ដែលរស់នៅស្រុកកៀនស្វាយ ដែលបានលះបង់ ប្ដី កូន បងប្អូន ដើម្បីទៅការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់យោធាថៃ តាមបណ្ដាខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។
ការថ្លែងអំណរគុណនេះ ធ្វើឡើងបន្ទាប់ពីបញ្ចប់ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅស្រុកកៀនស្វាយ នៅសាលាស្រុកកៀនស្វាយ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បានថ្លែងថា បងប្អូនក្រុមគ្រួសារវីរៈកងទ័ព បានលះបង់សាច់ញាតិ ពិសេសប្ដី ដែលនេះគឺជាការលះបង់មួយដ៏ធំធេង ហើយការលំបាករបស់កងទ័ព ជួរមុខរបស់យើង គឺមានតែក្រុមគ្រួសារផ្ទាល់ទេ ដែលដឹងច្បាស់អំពីសុខទុក្ខរបស់ពួកគាត់ សម្រាប់ប្រជាពលរដ្ឋដែលមិនមានសាច់ញាតិជាកងទ័ពជួរជួរមុខ បានត្រឹមដឹងសុខទុក្ខ តាមរយៈការបង្ហាញដោយសារព័ត៌មាន ឬវីដេអូសកម្មភាពផ្សេងៗ ដូចនេះមានតែក្រុមគ្រួសារវីរៈកងទ័ពជួរមុខនោះទេ ដែលមានការឈឺចាប់ខ្លាំង ជាងបងប្អូនរបស់យើងផ្សេងទៀត ព្រោះថាការរំលោភបំពានទឹកដីពីសំណាក់យោធាថៃ និងការធ្វើឱ្យវីរៈកងទ័ពរបស់យើងទទួលរងគ្រោះថ្នាក់ផ្សេងៗ ដែលធ្វើឱ្យយើងជាក្រុមគ្រួសារវីរៈកងទ័ពជួបមុខ មានការឈឺចាប់បំផុត។
ដូច្នេះហើយទើបរាជរដ្ឋាភិបាល តែងតែណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនគ្រួសារកងទ័ពជួរមុខនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យវីរៈកងទ័ពរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនមានអារម្មណ៍ស្ងប់ ព្រោះថាក្រុមគ្រួសាររបស់គាត់ត្រូវបានយកចិត្តទុកដាក់ មើលការខុសត្រូវ និងមិនបោះបង់ពួកគាត់ចោលឡើយ នោះធ្វើអោយស្មារតីក្នុងការការពារបូរណភាពទឹកដីរបស់យើង កាន់តែអង់អាចក្លាហាន មោះមុត ក្នុងការការពារបូរណភាពទឹកដី។
ជាមួយគ្នានេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បាននាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដោយក្ដីនឹករលឹកបំផុត។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានជម្រាបជូនដល់ក្រុមគ្រួសារវីរៈកងទ័ពជួរមុខ នៅពេលជួបបញ្ហាប្រឈម សំណូមពរ សូមរាយការណ៍ជូនអាជ្ញាធរដែលនៅជិតបំផុត ដើម្បីពួកគាត់ជួយសម្របសម្រួល និងដោះស្រាយបានទាន់ពេលវេលា ហើយក៏សូមឱ្យបងប្អូន មានទំនាក់ទំនងល្អជាមួយអាជ្ញាធរដែលនៅជិតខ្លួន ដើម្បីមានភាពងាយស្រួល ក្នុងការផ្ដល់ព័ត៌មាន ឬតម្រូវការចាំបាច់ណាមួយដែលបងប្អូនត្រូវការ ដើម្បីឱ្យពួកគាត់បានជួយផ្ដល់សេវាឱ្យបានលឿន រហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់៕















