ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលពន្ធចូលរដ្ឋ ក៏ដូចជារួមចំណែកជំរុញក្នុងការអភិវឌ្ឍលើគ្រប់វិស័យ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ចំណូលដែលត្រូវបានប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ បានកើនគួរឱ្យគត់សម្គាល់ ពីចំនួនត្រឹមតែប្រមាណ ៧៣៨ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១២ កើនដល់ ៣៥៧៧ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ កន្លងទៅ ពោលគឺមានកំណើនជិត ៤ដង ក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយនេះ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា តាមរយៈលទ្ធផលប្រមូលពន្ធបានល្អប្រសើររាជរដ្ឋាភិបាលមានលទ្ធភាពសន្សំនូវថវិកាដើម្បីជាទុន ក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងគ្រប់កាលៈទេសៈលំបាកទាំងឡាយកន្លងមក រួមទាំងវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល និងភាពមិនប្រាកដប្រជាខ្ពស់នៃវិបត្តិសកលនានាព្រមទាំងបានផ្តល់លទ្ធភាពឱ្យសេដ្ឋកិច្ចកម្ពុជាស្ទុះងើបឡើងវិញបានយ៉ាងរហ័ស និងប្រកប ដោយភាពធន់៕





