នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម គ្រីស្ទៀន ដេសរ៉ូច ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សា និងផ្លាស់ប្តូរយោបល់ត្រង់ទៅត្រង់មក លើការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។
ក្នុងជំនួបនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានចែករំលែកបទពិសោធទៅវិញទៅមកក្នុងវិស័យរដ្ឋបាលសាធារណៈ ជាពិសេសពាក់ព័ន្ធនឹងការកែទម្រង់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ព្រមទាំងបានពិគ្រោះយោបល់ការជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដើម្បីបន្តពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បង្ហាញជំនឿជឿជាក់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា–កាណាដា នឹងបន្តរីកចម្រើន និងឈានទៅកាន់កម្រិតថ្មីបន្ថែមទៀតនាពេលអនាគត។





