ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការកម្មវិធីភាពជាដៃគូអូស្ត្រាលី កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ (ACP4Climate)


នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការកម្មវិធីភាពជាដៃគូអូស្ត្រាលី កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ(ACP4Climate) នៅសណ្ឋាគារសាន់&មូន រាជធានីភ្នំពេញ និងតាមប្រព័ន្ធវីដេអូ ដោយមានវត្តមានចូលរួមពីឯកឧត្តម ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា តំណាងក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី(DFAT) ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន គ្រឹះស្ថានសិក្សា និងវិស័យឯកជន សរុបប្រមាណ ១៥០នាក់។

ថ្លែងក្នុងឱកាសបើកកម្មវិធី ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា គោលបំណងនៃកម្មវិធី ACP4Climate គឺដើម្បីពង្រឹងសមត្ថភាពស្ថាប័ន កែលម្អយន្តការរៀបចំផែនការ និងយន្តការសម្របសម្រួល គាំទ្រការគ្រប់គ្រងធនធានទឹកចម្រុះ ពង្រឹងការធ្វើសេចក្តីសម្រេចចិត្តដោយផ្អែកលើភស្តុតាង និងជំរុញអភិក្រមប្រកបដោយបរិយាបន្ននៃអភិបាលកិច្ចទឹក។ លើសពីនេះ ក៏នឹងគាំទ្រដល់ការរៀបចំផែនការ និងកិច្ចខិតខំប្រឹងប្រែងពង្រឹងភាពធន់នៅតាមអាងទន្លេសំខាន់ៗ រួមមាន៖ អាងទន្លេមេគង្គលើ អាងទន្លេមេគង្គក្រោម និងអាងទន្លេទន្លេសាប។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធី ACP4Climate ឆ្លុះបញ្ចាំងអំពីភាពជាដៃគូដ៏រឹងមាំ និងគួរឱ្យទុកចិត្តរវាងកម្ពុជា និងអូស្ត្រាលី ក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍប្រកបដោយចីរភាព និងការពង្រឹងភាពធន់នឹងអាកាសធាតុនៅកម្ពុជា ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធអភិបាលកិច្ចទឹកនិងភាពធន់របស់ស្ថាប័នសម្រាប់រយៈពេលវែងនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ក្នុងស្មារតីភាពជាដៃគូ ការទទួលខុសត្រូវរួម និងកិច្ចសហប្រតិបត្តិការដែលមានភាពជាក់ស្តែង។

សូមបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលអូស្ត្រាលី កម្មវិធីក្នុងវិស័យធនធានទឹក ដែលកំពុងដំណើរការ នាពេលបច្ចុប្បន្ននេះ រួមមាន៖ ទី១)គម្រោងការវាយតម្លៃការវិនិយោគលើប្រព័ន្ធធារាសាស្ត្រ តាមរយៈភាពជាដៃគូទឹកអូស្ត្រាលី(AWP) ទី២)គម្រោងការរៀបចំឯកសារក្របខ័ណ្ឌយុទ្ធសាស្ត្រនិងផែនការអនវុត្តត្រីវិស័យ(២០២៧-២០៣១) របស់ក្រុមការងារត្រីវិស័យ កសិកម្ម ទឹក ជនបទ តាមរយៈ ភាពជាដៃគូកម្ពុជា-អូស្ត្រាលី ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និង ទី៣)កម្មវិធីភាពជាដៃគូ អូស្ត្រាលី កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ ហៅកាត់ថា ACP4Climiate ដែលទទួលបានហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តដំណាក់កាលទី១ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០៕