ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលក្រុងហៃគូរៀបចំ ព្រឹត្តិការណ៍ B2B «Cambodia Tourism Roadshow To China» ផ្សព្វផ្សាយគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ជនជាតិចិន


តបតាមការអញ្ជើញរបស់រដ្ឋបាលក្រុងហៃគូ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកកម្មវិធី «ផ្សព្វផ្សាយទេសចរណ៍កម្ពុជា (Cambodia Tourism Roadshow) និងការផ្សព្វផ្សាយគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន» នៅទីក្រុងហៃគូ ខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពីលោក Liu Cheng អគ្គនាយករងមន្ទីរទេសចរណ៍ វប្បធម៌ វិទ្យុ ទូរទស្សន៍ ការបោះពុម្ពផ្សាយ និងកីឡានៃខេត្តហៃណាន, លោក អ៉ីវ សុខុម អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តហៃណាន, តំណាងរដ្ឋបាលក្រុងហៃគូ, ប្រធានសហគ្រាសទេសចរណ៍ចិនធំៗ និងវិនិយោគិន ចិនជាច្រើនរូប អ្នកសារព័ត៌មានប្រចាំខេត្ត សរុបប្រមាណជាង ១៥០រូប។

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ គូសបញ្ជាក់ថា កម្ពុជា និងចិន គឺជាបងប្អូន និងជាមិត្តដែកថែបដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរអង្វែង ហើយវិស័យទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរនៅតែជាសសរស្តម្ភដ៏សំខាន់ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។ បន្ថែមពីលើនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ផ្តល់ភាពកក់ក្តៅ និងភាពងាយស្រួលដល់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ជាពិសេសភ្ញៀវទេសចរចិន។

ទន្ទឹមនឹងនេះឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ គូសបញ្ជាក់បន្ថែមថា កម្ពុជានឹងបន្តពង្រឹងយន្តការសម្រួលការធ្វើដំណើរ លើកកម្ពស់គុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ច ដើម្បីធានាថា ភ្ញៀវទេសចរទាំងអស់ទទួលបានបទពិសោធន៍ដ៏ល្អប្រសើរ និងភាពសប្បាយរីករាយក្នុងអំឡុងពេលស្នាក់នៅកម្ពុជា។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានឆ្លៀតឱកាសអញ្ជើញ និងស្វាគមន៍ភ្ញៀវទេសចរចិន មកទទួលយកបទពិសោធន៍ថ្មីៗ និងសម្បូរបែប តាមរយៈយុទ្ធនាការដ៏ពិសេស២ក្នុងពេលតែមួយ «ការលើកលែងទិដ្ឋាការ» និង «ទស្សនាកម្ពុជានារដូវកាលបៃតង» ដែលភ្ញៀវទេសចរបានមកសាកល្បងផ្ទាល់ពីសក្តានុពលទេសចរណ៍ ធម្មជាតិ បេតិកភណ្ឌវប្បធម៌ តំបន់ឆ្នេរសមុទ្រ ទេសចរណ៍សុខុមាលភាព និងទេសចរណ៍ម្ហូបអាហារដ៏សម្បូរបែបរបស់កម្ពុជា។

សូមជម្រាបថា កម្មវិធី Cambodia Tourism Roadshow នេះជាវេទិកាធុរកិច្ច (B2B) ដ៏សំខាន់សម្រាប់វិស័យឯកជនកម្ពុជា និងចិន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ស្វែងរកដៃគូថ្មីៗ និងជំរុញការផ្លាស់ប្តូរទេសចររវាងប្រទេសទាំងពីរ៕