សម្តេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលពន្លឿនការធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ


សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បន្តលើកឡើងពី​បញ្ហា​ផ្តល់​បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋមានសភាពយឺតយ៉ាវ រួមទាំងក្នុងរាជធានីភ្នំពេញ។ សម្តេចតេជោ បានរំលេថា ភាពយឺតយ៉ាវនៃការចេញបណ្ណកម្មសិទ្ធិដីធ្លីនេះ បាននាំឱ្យ​ប្រជា​ពល​រដ្ឋមានភាពថ្នាំងថ្នាក់។
ក្នុងកិច្ចសំណេះសំណាលជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងក្រុមប្រឹក្សា​រាជធានី ខណ្ឌ សង្កាត់ និងប្រធានមន្ទីរ អង្គភាពនានាជាង៤ពាន់នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែ​ឧស​ភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកពីបញ្ហាមួយចំនួនដែលប្រជាពលរដ្ឋជួបប្រទះ​ពាក់ព័ន្ធការធ្វើបណ្ណកម្មសិទ្ធិដីធ្លី។
ដើម្បីដោះស្រាយបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានស្នើទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និងសំណង់ ឱ្យបន្តយកចិត្តទុកដាក់ពន្លឿនការធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។
សម្តេចតេជោ បានស្នើឱ្យដាក់សេវាផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជាសេវាចាំបាច់ ដើម្បីពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ បើទោះបីជាយ៉ាងណា សម្តេចតេជោ ក៏បានកោតសរសើររាជរដ្ឋាភិបាល និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានប្រឹងប្រែងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនាពេលកន្លងទៅ។
សម្តេចតេជោ បានលើកឡើងថា ការចាប់ផ្តើមអាណត្តិថ្មី អាណត្តិទី៧ មានប្រជាពលរដ្ឋមិនទាន់​បាន​ចេញ​បណ្ណកម្មសិទ្ធិដីធ្លីប្រមាណជា ៤លានបណ្ណ។ តែក្នុងរយៈពេលជាង២ឆ្នាំមកនេះ បណ្ណជាង ៣លាន​សន្លឹកហើយ ត្រូវបានចេញជូនប្រជាពលរដ្ឋ៕