ពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ៥៩គ្រួសារ នៅឃុំស្នឹង ស្រុកបាណន់ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង


ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ចើញជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់សរុបចំនួន ៥៩គ្រួសាររស់នៅភូមិ បឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ដែលបានរងគ្រោះកាលពីកន្លងបណ្តាលឱ្យរលំទាំងស្រុង ៤ខ្នងផ្ទះ,ប៉ើងដំបូលធ្ងន់ធ្ងរ ៧ខ្នងផ្ទះ និងប៉ះពាល់ដោយអន្លើចំនួន ៤៨ខ្នងផ្ទះ។

ថ្លែងក្នុងឱកាសសំណេះសំណាលនាពេលនោះឯកឧត្តម សុខ លូ បាននាំមកនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដោយក្ដីនឹក រលឹកនិងក្តីអាណិតអាសូរជាទីបំផុតព្រមទាំងស្វែងរកដំណោះ ស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយ សង្គ្រោះបន្ទាន់មកចែកជូន ដល់ប្រជាពលរដ្ឋរងគ្រោះនាពេលនេះជាដើមទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួម ចំណែកជួយដោះស្រាយនូវការខ្វះខាតបានមួយផ្នែកផងដែរ។

ឯកឧត្តមប្រធានបានបន្តថា រដូវវស្សាបានមកដល់ដូចនេះពេលមានភ្លៀងធ្លាក់មក តែងមកជាមួយនឹងខ្យល់កន្រ្តាក់ លាយ ឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វគ្រប់ៗគ្នា ដែលតម្រូវឲ្យប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេសប្រជាពលរដ្ឋទាំងអស់ និងសូមមេត្តាថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិត មកដល់ហើយ ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួលចំពោះសុខភាព ត្រូវប្រញាប់ទៅមណ្ឌល សុខភាព ឬមន្ទីរពេលដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ ពេលវេលា ។

ឯកឧត្តម បានគូសបញ្ជាក់ផងដែរថា «សាខាកាកបាទក្រហមកម្ពុជាខេត្តទទួលបានថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា, ដូច្នេះអ្វីដែលកាកបាទក្រហមកម្ពុជាទទួលបាន គឺតែងតែយកទៅជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយ គ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ ដែលនេះគឺជាការផ្សារភ្ជាប់រវាងសប្បុរសជន ជាមួយនឹងអ្នកទទួលផលពីកាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះ ផ្គរ រន្ទះ នៅពេលមានភ្លៀងនិងថែទាំសុខភាពឱ្យបានល្អថែទាំកូនចៅតូចៗត្រូវប្រុងប្រយ័ត្នខ្លាចក្រែងជួបវិបត្តិផ្សេងៗ។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី១យួរទឹកស៊ីអ៊ីវ ១យួរ ទឹកបរិសុទ្ធ១កេស និងត្រីខ១០កំប៉ុង ឃីត១(មុង ក្រមា)ចំនួន ១និងថវិកាមួយចំនួន ដោយឡែកគ្រួសាររងគ្រោះរលំទាំងស្រុកទទួលបានបន្ថែមសំពត់តង ១ផងដែរ៕