ក្រសួងព័ត៌មាន បើកវគ្គបណ្តុះបណ្តាល «ជំនាញបច្ចេកទេសសារព័ត៌មាន» ពង្រឹងសមត្ថភាពអ្នកសារព័ត៌មានឆ្លើយតបយុគសម័យឌីជីថល


ក្រសួងព័ត៌មាន តាមរយៈគណៈកម្មការអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញបច្ចេកទេសសារព័ត៌មាន» រយៈពេល៥ថ្ងៃ ជូនដល់មន្ត្រីជំនាញបច្ចេកទេស និងអ្នកសារព័ត៌មាន ចំនួន១០៥នាក់ ក្នុងគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងបង្កើនប្រសិទ្ធភាពការងារផ្សព្វផ្សាយព័ត៌មាន ឱ្យកាន់តែមានគុណភាព សុក្រឹត្យ និងទាន់សម័យ ស្របតាមបរិបទបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន។

វគ្គបណ្តុះបណ្តាលនេះបានប្រារព្ធពិធីបើកនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានសិក្ខាកាមមកពី អគ្គលេខាធិការដ្ឋាន គ្រប់អគ្គនាយកដ្ឋាននៃ ក្រសួងព័ត៌មាន គ្រប់មន្ទីរព័ត៌មានរាជធានី-ខេត្ត ស្ថាប័នពាក់ព័ន្ធ និងអ្នកសារព័ត៌មានដែលមានអាជ្ញាបណ្ណ ទទួលស្គាល់ដោយក្រសួងព័ត៌មាន នាមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនាពេលនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពវិស័យព័ត៌មាន និងសារព័ត៌មាននៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ជឿជាក់ថាតាមរយៈការចែករំលែកបទពិសោធន៍ និងចំណេះដឹងពីសំណាក់ គ្រូបង្គោល សិក្ខាកាមទាំងអស់នឹងទទួលបាននូវជំនាញថ្មីៗ ពិសេសលើការសរសេរព័ត៌មាន ការផលិត ព័ត៌មានឌីជីថល ការសម្ភាសន៍ ការថតរូប និងវីដេអូ ការផ្ទៀងផ្ទាត់ព័ត៌មាន និងការប្រើប្រាស់បច្ចេកវិទ្យា ទំនើបក្នុងការងារសារព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងព័ត៌មាននឹងបន្តយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មាន និងការ ពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ដើម្បីឱ្យវិស័យនេះកាន់តែមានវិជ្ជាជីវៈ សីលធម៌ និងឆ្លើយតបបានទៅនឹង តម្រូវការនៃសង្គមឌីជីថល និងបរិបទសកលភាវូបនីយកម្ម។

ឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការ និងជាប្រធានក្រុមបច្ចេកទេស គណៈកម្មការអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់អ្នកសារ ព័ត៌មាន មន្ត្រីព័ត៌មាន និងអ្នកពាក់ព័ន្ធ ឱ្យកាន់តែមានជំនាញខ្ពស់ក្នុងការសរសេរព័ត៌មាន ការប្រមូលព័ត៌មាន ការសម្ភាសន៍ ការផលិតមាតិកាឌីជីថល ព្រមទាំងបង្កើនសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាជីឌីថល ប្រព័ន្ធផ្សព្វផ្សាយ និងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ស្របតាមស្តង់ដារវិជ្ជាជីវៈ និងការវិវត្តនៃ សង្គមឌីជីថលនាពេលបច្ចុប្បន្ន។

ក្រៅពីការពង្រឹងជំនាញបច្ចេកទេស វគ្គបណ្តុះបណ្តាលនេះក៏បានផ្តោតលើការលើកកម្ពស់សីលធម៌ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីធានាថា អ្នកសារព័ត៌មានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ វិជ្ជាជីវៈ និងគោរពតាមស្តង់ដារសារព័ត៌មាន។

ការរៀបចំវគ្គបណ្តុះបណ្តាលនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ក្រសួងព័ត៌មាន ក្នុងការអភិវឌ្ឍធនធានមនុស្សលើវិស័យព័ត៌មាន និងសារព័ត៌មាន ដើម្បីឆ្លើយតបនឹងការវិវត្តន៍នៃបច្ចេកវិទ្យា និងតម្រូវការព័ត៌មានរបស់សាធារណជននៅក្នុងសង្គមឌីជីថល៕