អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ស្នើឱ្យកសិករងាកមកសិក្សាពីការផលិតជីធម្មជាតិក្នុងស្រុក ដើម្បីកាត់បន្ថយថ្លៃដើមផលិត


ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល ជាតំណាងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកសិករស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។

នៅក្នុងពិធីសំណេះសំណាលនោះមានការចូលរួមពី លោក ឡាយ សំរិទ្ធ អភិបាលរងក្រុងតាខ្មៅ សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី ចៅសង្កាត់ មេភូមិគ្រប់ភូមិ និងប្រជាកសិករសរុបចំនួន ២២១ នាក់។

ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ជូនកសិករនៅក្រុងតាខ្មៅ ខេត្តកណ្តាលថា ការជួបជុំថ្ងៃនេះ ក្នុងនាមជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មផង និងជាប្រធានសមាគមបណ្តាញកសិករតេជោ ដែលតួនាទីទាំងពីរ ដើរទន្ទឹមគ្នា ជាពិសេសចង់ឃើញជីវភាពកសិករយើងកាន់តែប្រសើរឡើង និងការផ្សព្វផ្សាយពីសមាគមបណ្តាញកសិករតេជោដល់កសិករ ស្តីអំពីវិស័យកសិកម្ម ទីផ្សារ និងអភិវឌ្ឍជន៍បទផងដែរ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានរំលឹកជូនកសិករទៀតថា ការងារធ្វើកសិកម្មមានគ្រប់ទីកន្លែងមិនថានៅក្រុងតាខ្មៅ ឬនៅទីណាទេ កសិកម្មនេះបានបន្សល់ទុកតាំងពីសម័យអង្គរមក គឺកសិកម្មសម័យនោះមិនត្រឹមតែធ្វើ ដើម្បីផ្គត់ផ្គង់កងទ័ពទេ កសិកម្មជាជន្ទុលនៃសេដ្ឋកិច្ចជាតិ ពោល កសិករយើងមានការរីកចម្រើនខ្លាំងទាំងការងារអប់រំ និងវិទ្យាសាស្ត្រទៀតផង។

លើសពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូបានលើកឡើងថា បើប្រទេសមួយអត់កសិកម្មសន្តិសុខស្បៀងនឹងកើតឡើងដែរ ព្រោះស្បៀងជាតម្រូវការមូលដ្ឋានរបស់មនុស្សលោក។ ជាក់ស្តែងកសិករនៅក្រុងតាខ្មៅ ខេត្តកណ្តាលយើងនេះ ត្រូវតែបន្តធ្វើកសិកម្មគ្រប់ប្រភេទទៀត ដូចជា ការដាំដុះបន្លែ ចិញ្ចឹម សត្វ និងការកែច្នៃ ដោយផ្តោតលើបច្ចេកទេស និងទីផ្សារ។

លើសពីនេះ ឯកឧត្តមបណ្ឌិតបន្ថែមថា «ដោយសារតែកសិកម្មសម័យនេះ គឺខុសពី៥០០ឆ្នាំមុន ដែលកសិករយើងប្រើនង្គ័លសម្រាប់ភ្ជួរស្រែ ប៉ុន្តែកសិកម្មសម័យថ្មីគេ ប្រើគ្រឿងយន្តកសិកម្មទំនើបៗដោយ ប្រើប្រាស់ជីគីមី ដើម្បីបានផលច្រើន នឹងឥឡូវនេះបានឈានដល់ការប្រើប្រាស់ជីធម្មជាតិជំនួសជីគីមីវិញម្តង»

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតប្រតិភូបានប្រាប់កសិករថា ការធ្វើកសិកម្មមិនទាន់ទៅណាឆ្ងាយទេ នៅជាប់ជាមួយនឹងបងប្អូន ព្រោះខ្មែរយើងមានឈាមជ័រកសិកម្ម តាំងពីសម័យអង្ករមកម្លេះដូច្នេះហើយ បើចង់ធ្វើកសិកម្មកុំឲ្យធ្លាក់ក្នុងអន្ទាក់បំណុល ត្រូវចេះគិតគូរថ្លៃដើមផលិតក្នុង១ឯកតា បើមិនដូច្នោះទេ បងប្អូននឹងស្រែកថាខាតរាល់ឆ្នាំ ដូច្នេះជាឱកាសយើងត្រូវរកដំណោះស្រាយ ងាកមកសិក្សាពីការផលិតជីធម្មជាតិក្នុងស្រុក ជាពិសេសរៀនតាមប្រព័ន្ធ យូធូប ពីរបៀបផលិតជីធម្មជាតិ ដើម្បីកាត់បន្ថយថ្លៃដើមផលិតផងដែរ។

ជាក់ស្តែង សមាគមបណ្តាញកសិករតេជោវិញ នឹងធ្វើទី (១) ជាឆ័ត្រ សម្រាប់កសិករជ្រកគឺជារួម ចូលរួមការពារភាពត្រឹមត្រូវ ឬស្របច្បាប់របស់កសិករ ឬការពារពីការំលោភបំពាន កេងចំណេញលើកសិករ និង (២) សមាគមធ្វើជាស្ពានឱ្យបបងប្អូនដើរ ឬក៏ភ្ជាប់ទៅនឹងឱកាសផ្សេងៗ ដូចជាឱកាសការទទួលបានបច្ចេកទេស និងព័ត៌មានទីផ្សារ ជាពិសេសជាស្ពានក្នុងតភ្ជាប់សម្លេងរបស់កសិករ ទៅស្ថាប័នមានសមត្ថកិច្ច ឬសហគមជាតិ និងអន្តរជាតិ ដែលមិនត្រូវទុកសម្លេងរបស់កសិករណាម្នាក់ចោលឡើយ៕