ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ ការសម្រួលការធ្វើដំណើរតាមច្រកទ្វារ ជាអាទិភាពដើម្បីផ្តល់ភាពពេញចិត្តដល់ភ្ញៀវទេសចរណ៍


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរនិងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិនិងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (ឬហៅកាត់ថា «គ.អ.ច.ទ.») ក្នុងគោលបំណងដើម្បីបង្ហាញសមាសភាពអនុប្រធាន សមាជិក សមាជិកា នៃគ.អ.ច.ទ., ស្តាប់របាយការណ៍អំពីវឌ្ឍនភាពការងារសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរនិងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិនិងច្រកទ្វារអន្តរជាតិ។

កិច្ចប្រជុំក៏បាននិងពិនិត្យ, ពិភាក្សា ក្តាប់បញ្ហាប្រឈម និងសំណូមពរនានា សំដៅស្វែងរកដំណោះស្រាយដែលពាក់ព័ន្ធនឹងការសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ នៅតាមច្រកទ្វារ ព្រមទាំងពិភាក្សាលើការសម្របសម្រួលក្នុងការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការដល់ពលរដ្ឋចិន រយៈពេល៤ខែ នៅឆ្នាំ២០២៦ នេះ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងអន្តរក្រសួង ស្ថាប័ន និងតំណាងគណៈអភិបាលរាជធានី ខេត្ត ទាំង១៩ ដែលជាអនុប្រធាន សមាជិក សមាជិកា នៃ គ.អ.ច.ទ. និង លេខាធិការដ្ឋាន សរុបប្រមាណ ១០០នាក់។

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ គោរពជូន សម្ដេចមហាបវរធិតបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យធ្វើបច្ចុប្បន្នភាពសមាសភាព គ.អ.ច.ទ. ថ្មី ព្រមទាំងបានគូសបញ្ជាក់ផងដែរថា គ.អ.ច.ទ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីសម្រួលការធ្វើដំណើរចូល-ចេញ របស់ភ្ញៀវទេសចរតាមរយៈការផ្តល់ភាពកាន់តែងាយស្រួល, កាត់បន្ថយរបាំងមិនចាំបាច់ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរចេញ-ចូល, លុបបំបាត់ ក៏ដូចជាបោសសម្អាតភាពអសកម្មទាំងឡាយ ដែលនាំឱ្យប៉ះពាល់និងរំខានដល់ការធ្វើដំណើរនិងការដឹកជញ្ជូនភ្ញៀវទេសចរនិងអ្នកដំណើរ ជាពិសេសដោះស្រាយរាល់ពាក្យបណ្ដឹងរបស់ភ្ញៀវទេសចរ ទាក់ទងនឹងបញ្ហាដែលកើតមានឡើងនៅតាមច្រកទ្វារព្រំដែនអន្តរជាតិនិងច្រកទ្វារអន្តរជាតិទូទាំងប្រទេស៕