(ត្បូងឃ្មុំ)៖ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការសម្រេចចិត្តវិនិយោគសាងសង់រោងចក្រផលិត កែច្នៃជ័រកៅស៊ូដ៏ធំ និងទំនើបរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនក្រុមហ៊ុន Mainland Group របស់ប្រទេសចិនកំពុងឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិឱ្យរីកចម្រើនឆាប់រហ័ស ព្រមទាំងបង្ហាញពីទំនុកចិត្ត និងភាពជឿជាក់របស់វិនិយោគិនទាំងខ្មែរ និងបរទេសមកលើបរិយាកាសធុរកិច្ចអំណោយផលរបស់កម្ពុជា។ ការថ្លែងបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិជាំម្លូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងច្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែបានចូលរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជានៅលើគ្រប់វិស័យ និងនៅគ្រប់កាលៈទេសៈ តាមរយៈការផ្តល់ឥណទានសម្បទានហិរញ្ញប្បទានឥតសំណង រួមនឹងជំនួយបច្ចេកទេសជាច្រើនទៀត ព្រមទាំងការដាក់ទុនវិនិយោគយ៉ាងសន្ធឹកសន្ធាប់នៅកម្ពុជា។ សម្ដេចធិបតីបានបញ្ជាក់ថា ជាក់ស្តែងក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) របស់ចិនបានបោះទុនវិនិយោគសរុបប្រមាណ ៣០លានដុល្លារអាម៉េរិក ដើម្បីសាងសង់រោងចក្រផលិត កែច្នៃជ័រកៅស៊ូនេះនៅលើផ្ទៃដីជិត ១៥ ហិកតា ដែលមានសមត្ថភាពទទួលជ័រផលិតកៅស៊ូប្រមាណ ១០ម៉ឺនតោន ក្នុង១ឆ្នាំ ដោយបានផ្តល់ការងារជូនពលរដ្ឋកម្ពុជាយ៉ាងសន្ធឹកសន្ធាប់ ក្នុងនោះមានការងារផ្ទាល់ប្រមាណ ៣០០កន្លែង និងការប្រយោលជាអ្នកចៀរជ័រកៅស៊ូប្រមាណជាង ៥០ ០០០នាក់។ សម្តេចធិបតី នាយករដ្ឋមន្ត្រីក៏សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលបានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវនៅក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
សម្តេចធិបតីបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងសាងសង់រោងចក្រផលិត កែច្នៃកៅស៊ូមួយផ្សេងទៀតក្នុងខេត្តរតនគីរីរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដដែល ជាមួយទុនវិនិយោគសរុបប្រមាណ ៣០លានដុល្លារអាម៉េរិក ដែលមានសមត្ថភាពផលិតជ័រកៅស៊ូប្រមាណ ១០ម៉ឺនតោនក្នុង១ឆ្នាំដូចគ្នានឹងគម្រោងទី១នៅខេត្តត្បូងឃ្មុំនេះ ផងដែរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះវិនិយោគិន ធុរជន និងប្រជាពលរដ្ឋ ជាពិសេសក្នុងខេត្ដត្បូងឃ្មុំ ចំពោះសមិទ្ធផលថ្មី នោះគឺរោងចក្រផលិត កែច្នៃជ័រកៅស៊ូកម្រិតអន្តរជាតិ ដែលនឹងចូលរួមលើកកម្ពស់កម្រិតជីវភាពពលរដ្ឋ រួមនឹងផលចំណេញរបស់វិនិយោគិន និងធុរជនក្នុងស្រុក តាមរយៈការពង្រីកទីផ្សារជ័រកៅស៊ូ ការបង្កើតការងារ និងកាត់បន្ថយការពឹងផ្អែកលើឈ្មួញកណ្តាល៕


