(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ខាងក្រោមខ្លឹមសារសំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងសេចក្តីសោមនស្ស ដែលបានមកចូលរួមក្នុង «ពិធីសម្ពោធជាផ្លូវការ រោងចក្រផលិតកែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា)» ជាមួយឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចវិនិយោគសាងសង់រោងចក្រផលិតកែច្នៃជ័រកៅស៊ូធំទំនើបរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mainland Group កំពុងឆ្លុះបញ្ចាំងពីសារៈសំខាន់ នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ឱ្យរីកចម្រើន ឆាប់រហ័ស, ព្រមទាំងបង្ហាញពីទំនុកចិត្ត និងភាពជឿជាក់ របស់វិនិយោគិន, ទាំងខ្មែរ និងបរទេស, មកលើបរិយាកាសធុរកិច្ចអំណោយផលរបស់កម្ពុជា
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និង ប្រជាពលរដ្ឋចិន ដែលតែងតែបានរួមចំណែកដល់ការអភិវឌ្ឍ នៅកម្ពុជាលើគ្រប់វិស័យ និងនៅគ្រប់កាលៈទេសៈ តាមរយៈការផ្តល់ឥណទានសម្បទាន, ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេសជាច្រើន, រួមទាំងការដាក់ទុនវិនិយោគយ៉ាងសន្ធឹកក្នុងប្រទេសកម្ពុជា
* ជាក់ស្ដែង, ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេម បូឌា) របស់ចិន បានបោះទុនវិនិយោគសុរបប្រមាណ ៣០ លានដុល្លារ ដើម្បីសាងសង់រោងចក ផលិតកែច្នៃជ័រកៅស៊ូនេះ លើផ្ទៃដីជិត១៥ហិកតា ដែលមានសមត្ថភាពផលិតជ័រកៅស៊ូសរុប ប្រមាណ១០ម៉ឺនតោន ក្នុងមួយឆ្នាំ ព្រមទាំងផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាសន្ធឹកសន្ធាប់, ក្នុងនោះ ការងារផ្ទាល់ ប្រមាណ៣០០កន្លែង និងការងារប្រយោល(អ្នកចៀរជ័រកៅស៊ូ) ប្រមាណជាង ៥ ម៉ឺនកន្លែង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះ ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និង បុគ្គលិក របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលបានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងសូមស្វាគមន៍ និងសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងសាងសង់រោងចក្រផលិតកែច្នៃ កៅស៊ូទី២ ក្នុងខេត្តរតនគិរី របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ជាមួយទុនវិនិយោគសរុប ៣០ លានដុល្លារអាមេរិក, និង មានសមត្ថភាពផលិតជ័រកៅស៊ូចំនួន ១០ ម៉ឺនតោន ក្នុងមួយឆ្នាំ ដូចគម្រោងទី១ផងដែរ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានសូមចូលរួមអបអរសាទរ វិនិយោគិន ធុរជន និង ប្រជាពលរដ្ឋ ជាពិសេស ក្នុងខេត្តត្បូងឃ្មុំ ចំពោះ សមិទ្ធផលថ្មី គឺ រោងចក្រផលិតកែច្នៃជ័រកៅស៊ូកម្រិតអន្តរជាតិ ដែលនឹង ចូលរួមលើកកម្ពស់ កម្រិតជីវភាពប្រជាពលរដ្ឋ និង ផលចំណេញរបស់វិនិយោគិន និង ធុរជនក្នុង ស្រុក តាមរយៈ ការពង្រីកទីផ្សារជ័រកៅស៊ូ, ការបង្កើតការងារ, និងការកាត់បន្ថយការពឹងផ្អែកលើ ឈ្មួញកណ្តាល
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដោយសម្លឹងឆ្ពោះទៅសម្រេច «ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០»។ ក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលនៅតែចាត់ទុកវិស័យឯកជនជាដៃគូសំខាន់ និង មិនអាចខ្វះបាន នៅក្នុងការ- អភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា, ខណៈដែលការកែច្នៃផលិតផលកសិកម្ម ត្រូវបានចាត់ទុកជាការងារ អាទិភាព ដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មជាតិ, លើកកម្ពស់ភាពប្រកួតប្រជែង, បង្កើតការងារ, និងលើកស្ទួយជីវភាពប្រជាកសិករខ្មែរ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបាននិងកំពុង ខិតខំកែលម្អបរិយាកាសធុរកិច្ច និង វិនិយោគ នៅកម្ពុជា ដែលបានសម្រាលបន្ទុកអាជីវកម្ម ជា បន្តបន្ទាប់, និងសម្រួលប្រតិបត្តិការអាជីវកម្ម ជាលំដាប់
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងជំរុញការអនុវត្ត គោលនយោបាយ និង ផែនការសកម្មភាព ក្នុងវិស័យកសិកម្ម និយាយជារួម, និងអនុវិស័យកសិ-ឧស្សាហកម្ម និយាយដោយឡែក, សម្រាប់ជំរុញការកែច្នៃផលិតផលកសិកម្ម សំដៅប្រែក្លាយពីការនាំចេញវត្ថុធាតុដើម ទាំងស្រុង ទៅជាការកែច្នៃវត្ថុធាតុដើមក្នុងស្រុក ឱ្យទៅជាផលិតផលពាក់កណ្ដាលសម្រេច និងផលិតផលសម្រេច សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងបម្រើដល់ការនាំចេញ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០២២-២០៣០ ដើម្បី ជំរុញការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការកែលម្អខ្សែច្រវាក់ផលិតកម្មកសិកម្ម, ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធកសិកម្ម, ការផ្តល់ឥណទានសម្បទាន, ការសម្រួលដល់កសិ-ពាណិជ្ជកម្ម, ការ កែទម្រង់ការគ្រប់គ្រងធនធានដីកសិកម្ម ព្រៃឈើ និងជលផល, ការពង្រឹងអភិបាលកិច្ចស្ថាប័ន, និង ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យកសិកម្ម
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបន្តចាត់ទុកកៅស៊ូជាដំណាំយុទ្ធសាស្ត្រ ដោយបានដាក់ចេញ ផែនការយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍឧស្សាហកម្មកៅស៊ូធម្មជាតិនៅកម្ពុជា ២០១១-២០២០, និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍកៅស៊ូធម្មជាតិ ឆ្ពោះទៅឆ្នាំ២០៣០ ដើម្បីលើកកម្ពស់សក្តានុពល ដំណាំកៅស៊ូ ឱ្យដល់កម្រិតសក្ដានុពល, ទាំងបរិមាណ និង គុណ-ភាព, និងធ្វើឱ្យប្រសើរឡើង នូវខ្សែច្រវាក់តម្លៃផលិតផលកៅស៊ូ ប្រកបដោយ ទំនុកចិត្ត និង ភាពប្រកួតប្រជែង
* ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា ប្រកបដោយភាព- ប្រកួតប្រជែងខ្ពស់ តាមរយៈការពង្រឹងប្រសិទ្ធភាព, ភាពធន់, ពិពិធភាព និងនវានុវត្តន៍, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមផ្តល់ជាអនុសាសន៍មួយចំនួន ដូចខាងក្រោម៖
ទី១៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជំរុញការអនុវត្ត គោលនយោបាយជាតិអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០២២-២០៣០, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍកសិ-ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៩-២០៣០, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍកៅស៊ូជាតិឆ្ពោះទៅឆ្នាំ២០៣០, ព្រមទាំងត្រូវពន្លឿនការរៀបចំច្បាប់ស្តីពី ផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីបង្កើនទំនុកចិត្តរវាង កសិករ និងក្រុមហ៊ុនប្រមូលទិញ
ជាមួយនេះ, ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងភូមិភាគឦសានត្រូវផ្ដល់កិច្ចសហការជិតស្និទ្ធដល់ក្រុមការងារជំរុញការវិនិយោគ ដើម្បីជំរុញការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តទាំងបួននៅ ភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨ ប្រកបដោយ ភាពស័ក្ដិសិទ្ធ, ប្រសិទ្ធភាព, តម្លាភាព និងគណនេយ្យភាព។
ទី២៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, និងក្រសួងពាណិជ្ជកម្ម ត្រូវបន្តសហការគ្នាជិតស្និទ្ធ ស្របតាមអភិក្រម «ជវភាព នៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីលើកកម្ពស់ឧស្សាហកម្មប្រតិគមន៍ (Backward Linkages)
ក្នុងន័យនេះ, ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) អាចពិនិត្យលទ្ធភាពចាប់ដៃគូជាមួយក្រុមហ៊ុន ឬ សិប្បកម្ម ក្នុងស្រុក ដើម្បីពង្រីកការប្រើប្រាស់ផលិតផល និង វត្ថុធាតុដើម ដែលមានស្រាប់ក្នុង ស្រុក, ក្នុងនោះ ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) អាចពិនិត្យលទ្ធភាពចុះកិច្ចសន្យាកសិកម្ម (Contract Farming) ជាមួយសហគមន៍កៅស៊ូគ្រួសារ ដើម្បីធានាបាននូវការផ្គត់ផ្គង់វត្ថុធាតុដើម ប្រកបដោយស្ថិរភាព និងក្នុងតម្លៃសមរម្យ
ទី៣៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, និងក្រសួងពាណិជ្ជកម្ម ត្រូវសហការគ្នាជិតស្និទ្ធ បន្តធ្វើទំនើបកម្មខ្សែច្រវាក់ផលិតកម្ម កៅស៊ូ ដោយផ្តោតលើ ការផ្ទេរបច្ចេកវិទ្យាដំណាំកៅស៊ូ, ការអភិវឌ្ឍសហគមន៍កសិកម្មកៅស៊ូគ្រួសារ, ការធ្វើពិពិធកម្មផលិតផលកៅស៊ូ, និងការពង្រឹងតម្លៃផលិតផលកៅស៊ូ ដើម្បីបង្កើនផលិតភាព កៅស៊ូធម្មជាតិសម្រាប់ការផ្គត់ផ្គង់សកម្មភាពផលិត និងកែច្នៃក្នុងស្រុក, ក៏ដូចជា ការបម្រើឱ្យការនាំចេញជាពិសេស ការជ្រៀតចូលទីផ្សារអន្តរជាតិឱ្យបានជាអតិបរមា តាមរយៈ កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី និង ក្របខ័ណ្ឌអនុគ្រោះពាណិជ្ជកម្ម ដែលមានស្រាប់។
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណូលសរុបពីការលក់ផលិត៨៣៣លានដុល្លារ កើន២២ភាគរយ ធៀប២០២៤ ដោយមួយផ្នែកដោយសារតម្លៃកៅស៊ូឡើងថ្លែង។ ចំណូលនាំចេញកៅស៊ូថយចុះ ប៉ុន្ដែលក់ក្នុងស្រុកកើនឡើង មានន័យថា បម្រើនៅក្នុងស្រុកច្រើនជាងនាំចេញ បំពេញតម្រូវការក្នុងស្រុក នេះជាគោលដៅនៃការអភិវឌ្ឍវិស័យកសិកម្ម
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរក្សានៅក្នុងស្រុកផលិតពាក់កណ្ដាលសម្រេច ឬផលិតផលសម្រេច ជាគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលពី២ឆ្នាំមុនរោងចក្រផលិតកង់ឡាន ប្រើប្រាស់ផលិតផលនាំចូលច្រើន ប៉ុន្ដែបច្ចុប្បន្នប្រើប្រាស់ផលិតផលក្នុងស្រុក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យភ្ជាប់ខ្សែច្រវាក់ផលិតកម្មនៅក្នុងស្រុក សហគមន៍ និងរោចក្រត្រូវភ្ជាប់គ្នា
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កៅស៊ូជាដំណាំយុទ្ធសាស្ដ្រមួយក្នុងចំណោមដំណាំយុទ្ធសាស្ដ្រជាច្រើនទៀត ដែលក្រសួងពាក់ព័ន្ធត្រូវបង្កើនផលិតភាព និងតម្លៃបន្ថែមជូនកសិករ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋមន្ដ្រីក្រសួងកសិកម្ម ពិនិត្យតម្លៃជី
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ដេចតែងតែសួរនាំក្រុមហ៊ុនផលិត អំពីវត្ថុធាតុដើមដែលយកមកផលិតជី តើប្រើផលិតផលក្នុងស្រុក ឬនាំចូល? ករណីនេះសម្ដេចតាមដានជាប់ជាប្រចាំ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីរក្សាតម្លៃកសិផល ត្រូវរក្សាស្ថេរភាពខ្សែច្រវាក់ផលិត, ធានាសេវាដឹកជញ្ជូន
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ក្រសួងឧស្សាហកម្ម និងក្រសួងពាណិជ្ជកម្ម គិតគូរអំពីខ្សែច្រវាក់នៃការលើកទឹកចិត្តដល់ឧស្សាហកម្មក្នុងស្រុក ដោយយកគំរូកង់ឡានជាគោល
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទំនិញយុទ្ធសាស្ដ្រចំនួន៤ ដែលរដ្ឋដាក់គោលដៅកាត់បន្ថយការនាំចូល និងឈានទៅកាត់ផ្ដាច់ការនាំចូលតែម្ដង រួមមាន ទឹកដោះគោ មី ស្ករស
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋរៀបចំការប្រមូលផ្ដុំរោងចក្រកែច្នៃ និងផ្ដល់ដីហ្វ្រីសម្រាប់ពលរដ្ឋបង្កបង្កើនផលស្វាយចន្ទី
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើសិនកសិឧស្សាហកម្មដើរ គឺបង្កើតទីផ្សារនៅកន្លែង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលព្រែកជីកហ្វូណនតេជោ សាងសង់រួចរាល់ នឹងកាន់តែសម្រួលដល់ការដឹកជញ្ជូន ដោយមិនឆ្លងកាត់ប្រទេសដទៃឡើយ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល តែផ្ដល់ការអនុគ្រោះច្រើនបំផុតដល់វិស័យឯកជន ហើយផ្ដល់ផលចំណេញដល់សេដ្ឋកិច្ចជាតិទាំងមូល
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្លូវជាតិលេខ៧ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ខាងមុខ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជំរុញឲ្យមានរោងចក្រកែច្នៃ គឺសំដៅបង្កើនផលប្រយោជន៍ដល់កសិករដែលដាំផ្ទាល់ និងមានទីផ្សារនៅកន្លែងតែម្ដង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា នឹងឈានទៅកាត់បន្ថយវត្ថុធាតុដើម និងនាំចេញផលិតផលសម្រេច
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនគ្រាន់តែគិតនោះទេ សំខាន់ផលិតផលនៅលើដីជាក់ស្ដែង ដូចរោងចក្រផលិតកែច្នៃកៅស៊ូនៅពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យពិនិត្យមើលផលិតផលណា ដែលត្រូវការវត្ថុធាតុដើមក្នុងស្រុក និងលើកទឹកចិត្តផ្ដល់ការអនុគ្រោះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនខ្លាចខាតបង់ចំណូលនោះទេ ប៉ុន្ដែផ្ដោតលើផលចំណេញរបស់ប្រជាពលរដ្ឋ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ជាមជ្ឈឹមបូព៌ា ប្រទេសជាច្រើនបានតម្លើងថ្លៃភ្លើង ប៉ុន្ដែកម្ពុជាមិនបានឡើយនោះទេ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការនាំចេញកង់ឡានផលិតក្នុងស្រុក ទៅក្រៅប្រទេស គឺរដ្ឋមិនយកពន្ធនោះទេ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អគ្គិសនីកម្ពុជា ខាតលុយប្រមាណ៨០លានដុល្លារ ដោយសារមិនតម្លើងថ្លៃភ្លើងលើការប្រើប្រាស់របស់ប្រជាពលរដ្ឋ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឲ្យតែគណបក្សប្រជាជនកម្ពុជានៅបន្ដកាន់អំណាច គឺមិនយកពន្ធលើដីកសិកម្មនោះឡើយ
ទី៤៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ បន្តជំរុញការងារពិសោធ និងការងារស្រាវជ្រាវកៅស៊ូ តាមរយៈការពង្រឹងមន្ទីរពិសោធជាតិ និងមន្ទីរពិសោធមូលដ្ឋាន, ព្រមទាំងការកែលម្អហេដ្ឋរចនាសម្ព័ន្ធរូបវន្ត, ការបណ្តុះបណ្តាល ធនធានមនុស្ស និងការផ្ទេរបច្ចេកវិទ្យា, ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវ អន្តរជាតិ ដើម្បីពង្រឹងគុណភាពកៅស៊ូ ឱ្យស្របតាមស្ដង់ដាបច្ចេកទេសកម្រិតអន្តរជាតិ, និងជំរុញអនុលោមភាពតាមវិធានដើមកំណើតទំនិញ ដែលជាបុរេលក្ខខណ្ឌនៃទីផ្សារនាំចេញ, សំដៅរក្សា ទីផ្សារចាស់ និងបង្កើតទីផ្សារថ្មី ក្នុងបរិការណ៍នៃការកើនឡើងកាន់តែខ្លាំងនូវការប្រកួតប្រជែង
ទី៥៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវពិនិត្យលទ្ធភាពបង្កើនថវិកាវិនិយោគ សម្រាប់ជំរុញការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ប្រកបដោយភាពប្រទាក់ក្រឡា, ការកសាងបណ្តាញអគ្គិសនី ដែលពេញលេញ និងមានថ្លៃទាបសមរម្យ, និងការបង្កើតសួនឧស្សាហកម្ម សួនកសិ-ឧស្សាហកម្ម និងតំបន់ពាណិជ្ជកម្មសេរីក្នុងស្រុក ប្រកបដោយភាពប្រកួតប្រជែង សំដៅកាត់បន្ថយថ្លៃដើមផលិតកម្ម, ធ្វើពិពិធកម្មផលិតកម្ម, ប្រមូលផ្តុំរោងចក្រ, និងកែច្នៃផលិតផលកសិកម្ម
ទី៦៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក- វិទ្យា និងនវានុវត្តន៍ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំកម្មវិធីអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ បង្កើតជំនាញ, បង្កើនជំនាញ, និងផ្លាស់ប្ដូរជំនាញ សំដៅអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យ កសិ-ឧស្សាហកម្ម ដែលមានជំនាញបច្ចេកទេសពិតប្រាកដ និងសីលធម៌វិជ្ជាជីវៈខ្ពស់ ដែលអាចឆ្លើយតបនឹងតម្រូវការទីផ្សារការងារក្នុងស្រុក និងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលបាន បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយបង្កើតរោងចក្រផលិតកែច្នៃជ័រកៅស៊ូកម្រិតអន្តរជាតិ និងតាមស្តង់ដារបស់សហភាពអឺរ៉ុប, និងសូមលើកទឹកចិត្តឱ្យក្រុមហ៊ុនជំរុញការសាងសង់រោងចក ផលិតកែច្នៃកៅស៊ូទី២ ក្នុងខេត្តរតនគិរី, ជាមួយការប្តេជ្ញារបស់រាជរដ្ឋាភិបាល ក្នុងការបន្តកែលម្អ បរិយាកាសធុរកិច្ច និងវិនិយោគ នៅកម្ពុជាឱ្យមានភាពប្រកួតប្រជែង, ពិពិធភាព និងនវានុវត្តន៍
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ វិនិយោគិន, ធុរជន និងប្រជាពលរដ្ឋ ឱ្យក្ដាប់យកឱកាសពីគម្រោង វិនិយោគនេះ និង គម្រោងវិនិយោគដទៃទៀត តាមរយៈការប្រតិបត្តិនូវការធ្វើអាជីវកម្ម និងការ-បំពេញការងារប្រកបដោយសុចរិតភាព, សច្ចធម៌ និង គុណធម៌ ចំពោះដៃគូអាជីវកម្ម និងថៅកែរបស់យើង។

