សម្តេចតេជោ ហ៊ុន សែន នៅតែយកចិត្តទុកដាក់ខ្ពស់ លើគម្រោងសាងសង់ផ្លូវ និងស្ពានតភ្ជាប់កំពង់ឆ្នាំង និងកំពង់ធំ និងបានស្នើចិនពិចារណាលើគម្រោងនេះ


(កំពង់ឆ្នាំង)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបង្ហាញ​ការ​យក​ចិត្តទុកដាក់ខ្ពស់ចំពោះគម្រោងសាងសង់ផ្លូវ និងស្ពានតភ្ជាប់រវាងខេត្តកំពង់ឆ្នាំង និងកំពង់ធំ ដែលជាការតភ្ជាប់ដ៏សំខាន់សម្រាប់ខេត្តជុំវិញបឹងទន្លេសាប។

ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ​ភាពជុំវិញខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការតភ្ជាប់បណ្តាញដឹកជញ្ជូនរវាងខេត្តជុំវិញបឹងទន្លេសាបទាំងផ្លូវទឹក និង​ផ្លូវគោក មានសារៈសំខាន់ណាស់សម្រាប់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

មានប្រសាសន៍ដល់ការតភ្ជាប់បណ្តាញដឹកជញ្ជូនរវាងខេត្តជុំវិញបឹងទន្លេសាប សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីគម្រោងផ្លូវជាតលេខ៥០សេ ដែលជាផ្លូវមួយខ្សែតភ្ជាប់​រវាង​ខេត្ត​កំពង់​ឆ្នាំង និងខេត្តកំពង់ធំ។

គម្រោងផ្លូវមួយខ្សែនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការសាងសង់ក្នុង​ពេល​សម្តេច​នៅកាន់តួនាទីជានាយករដ្ឋមន្ត្រី។ មកដល់ពេលនេះគម្រោងមួយនេះ មិនទាន់បាន​ដំណើរ​​ការនៅ​ឡើយទេ។

ពីលើទឹកដីខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់គម្រោងសាង​សង់​ផ្លូវ និងស្ពាននេះ។ សម្តេចតេជោ បានបញ្ជាក់ថា នៅពេលជួបជាមួយនឹងឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា សម្តេចក៏បានស្នើទៅរដ្ឋាភិបាលចិនតាមរយៈលោកឯកអគ្គរដ្ឋទូតឱ្យពិចារណា​ផ្តល់កម្ចីសាងសង់ផ្លូវ និងស្ពាននេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីនៅជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក​ជញ្ជូន ធ្លាប់បានបញ្ជាក់ថា គម្រោងសាងសង់​ផ្លូវ​ជាតិលេខ៥០សេ និងស្ពាន ដែ​ល​មា​ន​ប្រវែង​សរុប​ជិត​៦០គីឡូម៉ែត្រ​នេះ ត្រូវបានសិក្សារួចរាល់ហើយ។ គម្រោងសាងសង់ផ្លូវ៥០សេ នឹងសាង​សង់ជាផ្លូវបេតុងកៅស៊ូ (AC) និងមានលូជាង១០០កន្លែង មានស្ពានដើម្បីបើកមុខទឹកឱ្យត្រី​ឆ្លង​កាន់ និងសម្រាប់ប្រជាពលរដ្ឋអាចអ៊ំទូកឆ្លងកាត់ ហើយផ្លូវនេះក៏នឹងមានការតភ្ជាប់ជាមួយ​នឹង​ស្ពាន​ដ៏វែងមួយ មានប្រវែងរហូតដល់៤គីឡូម៉ែត្រ ដែលជាស្ពានវែងជាងគេនៅកម្ពុជា។

បច្ចុប្បន្ននេះ បើទោះបីគម្រោងនេះមិនទាន់មានដំណើរការក្តី អាជ្ញាធរតាមរយៈក្រុមហ៊ុនគ្លូ​ប៊ល​គ្រីន បានសាងសង់ផ្លូវដី​ពីឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ប្រវែង ១៧គីឡូម៉ែត្រ។ ការលើកកម្ពស់ផ្លូវដីនេះ ជួយសម្រួលឱ្យប្រជាពលរដ្ឋធ្វើ​ចរាចរណ៍​បានទាំងខែវស្សា និងខែប្រាំង ព្រោះលែងលិចទឹកទន្លេក្នុង​ខែវស្សា​ដូចឆ្នាំមុនៗ​ទៀត​ហើយ៕