សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងព្រែកជីកហ្វូណនតេជោ មានតែចំណេញ


(ភ្នំពេញ)៖ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍គូសបញ្ជាក់ឡើងវិញថា គម្រោងព្រែកជីកហ្វូណនកំពុងបើកដំណើរការសាងសង់ នឹងផ្តល់ផលចំណេញយ៉ាច្រើនដល់សេដ្ឋកិច្ចជាតិ។

ក្នុងឱកាសអញ្ជើញសម្ពោធរោងចក្រកែច្នៃជរ័កៅស៊ូ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ក្រោយពេលគម្រោងព្រែកជីកហ្វូណនតេជោសាងសង់រាល់ រាជរដ្ឋាភិបាល នឹងធ្វើការស្ដារប្រព័ន្ធផ្លូវទឹកបន្ថែម ដើម្បីតភ្ជាប់ព្រែកជីកនេះ ទៅតាមបណ្ដាខេត្តនានា ដូចជា ខេត្តកំពង់ឆ្នាំង ឬខេត្តក្រចេះ ដើម្បីជួយសម្រួលដល់វិស័យដឹកជញ្ជូន ជាពិសេសផលិតផលកសិកម្មនៅកម្ពុជា។

សម្តេចធិបតីមានប្រសាសន៍បន្តថា គម្រោងព្រែកជីកហ្វូណន នឹងផ្ដល់ផលចំណេញសម្រាប់សេដ្ឋកិច្ចច្រើននាថ្ងៃអនាគត តាមរយៈការផ្ដល់លទ្ធភាពដល់ការដឹកជញ្ជូន ការប្រើប្រាស់ជាប្រព័ន្ធធារាសាស្ត្រសម្រាប់វិស័យកសិកម្មដែលនៅតាមបណ្ដោយព្រែករាប់លានហិកតា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងឧស្សាហកម្មបន្ថែម។

សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា ដូច្នេះបើមើលរយៈពេលវែង សម្រាប់ផលប្រយោជន៍សេដ្ឋកិច្ចទាំងមូល គឺចំណេញ ។

សម្តេចធិបតីមានប្រសាសន៍បញ្ជាក់ថា “ត្រូវតែធ្វើ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចទាំងមូលគឺជួយទៅដល់វិស័យកសិកម្ម វិស័យកសិឧស្សាហកម្ម ជាពិសេសវិស័យដឹកជញ្ជូនរបស់យើង ដើម្បីធានានូវភាពប្រកួតប្រជែងរបស់យើង ។ នេះគឺជាផលដែលខ្ញុំហ៊ានធានាថា អត់ខាតទេធ្វើព្រែកជីកហ្វូណននេះ គឺមានតែចំណេញ”។

សូមបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងផ្លូវទឹកប្រវត្ដិសាស្ដ្រទី១ របស់ប្រទេសកម្ពុជា ដែលបានបើកការដ្ឋានសាងសង់ផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ផងដែរ។ គម្រោងនេះ គ្រោងបញ្ចប់សាងសង់នៅឆ្នាំ២០២៨ ដោយប្រើប្រាស់ទុនវិនិយោគប្រមាណ ១,៧ ពាន់លានដុល្លារ។

គម្រោងព្រែកជីកហ្វូណនតេជោ តភ្ជាប់ផ្លូវទឹកទន្លេ-សមុទ្ររបស់កម្ពុជា មានប្រវែងជិត ១៨០គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែកខាងលើ១០០ម៉ែត្រ ក្រោម៨០ម៉ែត្រ ជម្រៅទឹក ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ ២គន្លង។ ផ្លូវទឹកនេះ ចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងក្រុងកែប៕