សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាមជ្ឈឹមបូព៌ា ប្រទេសជាច្រើនបានដំឡើងថ្លៃភ្លើង ប៉ុន្ដែកម្ពុជាមិនដំឡើងឡើយ


(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា បញ្ហាមជ្ឈឹមបូព៌ា ប្រទេសជាច្រើនបានដំឡើងថ្លៃភ្លើង ប៉ុន្ដែកម្ពុជាមិនបានដំឡើងឡើយ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា អគ្គិសនីកម្ពុជា ខាតលុយប្រមាណ ៨០លានដុល្លារ ដោយសារមិនតម្លើងថ្លៃភ្លើង លើការប្រើប្រាស់របស់ប្រជាពលរដ្ឋ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ នៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

ភាពតានតឹងនៅមជ្ឈឹមបូព៌ា បានកើតឡើងនៅចុងខែកុម្ភៈ ឆ្នាំ២០២៦ នៅពេលដែលមានការវាយប្រហាររវាងអ៊ីរ៉ង់ ទល់នឹងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ បញ្ហានៅមជ្ឈឹមបូព៌ានេះ បានធ្វើឲ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ដែលជាហេតុផលជំរុញឲ្យមានការលក់រថយន្តអគ្គិសនីកើនឡើងនៅអឺរ៉ុប។

ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា តម្លៃអគ្គិសនីនៅកម្ពុជាមិនឡើងថ្លៃទេ ដោយសារកម្ពុជាមានប្រភពថាមពលគ្រប់គ្រាន់ពីវារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងប្រភពផ្សេងៗទៀត។ បណ្តាប្រទេសអាស៊ានដែលពឹងផ្អែកខ្លាំងលើការនាំចូលប្រេងឥន្ធនៈ កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរាំងខ្ទប់ច្រកសមុទ្រហ័រមូស ដែលនាំឲ្យមានការអំពាវនាវឲ្យមានការរួបរួមគ្នាដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនៃសន្តិសុខថាមពល។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «បញ្ហានៅអ៉ីរ៉ង់ ភ្លើងនៅច្រើនប្រទេសឡើងថ្លៃ រដ្ឋសុខចិត្តចេញលុយខាត តាមរយៈ អឺដេសេ (អគ្គិសនីកម្ពុជា) ដើម្បីកុំឲ្យប្រជាជនចេញលុយពីហោប៉ៅ។ អីចឹង គឺការខិតខំទប់សភាពការណ៍ ទុកថវិកាឲ្យប្រជាពលរដ្ឋយើង គឺជារឿងសំខាន់»

សូមជម្រាបថា នៅកម្ពុជា អតិថិជនដែលប្រើប្រាស់បណ្តាញជាតិ (អគ្គិសនីកម្ពុជា-EDC) ទទួលបានតម្លៃគោលដូចខាងក្រោម៖

១៖ សម្រាប់លំនៅដ្ឋាន (ប្រើប្រាស់ប្រចាំខែ)

*០ ដល់ ១០ គីឡូវ៉ាត់ម៉ោង៖ តម្លៃ ៣៨០ រៀល/១គីឡូវ៉ាត់ម៉ោង
*១១ ដល់ ៥០ គីឡូវ៉ាត់ម៉ោង៖ តម្លៃ ៤៨០ រៀល/១គីឡូវ៉ាត់ម៉ោង
*៥១ ដល់ ២០០ គីឡូវ៉ាត់ម៉ោង៖ តម្លៃ ៦១០ រៀល/១គីឡូវ៉ាត់ម៉ោង
*លើសពី ២០០ គីឡូវ៉ាត់ម៉ោង៖ តម្លៃ ៦៦០ រៀល/១គីឡូវ៉ាត់ម៉ោង

២. សម្រាប់អាជីវកម្ម និងរដ្ឋបាល

*ពេលថ្ងៃ (០៧:០០ – ២១:០០)៖ តម្លៃ ៧២០ រៀល/១គីឡូវ៉ាត់ម៉ោង
*ពេលយប់ (២១:០០ – ០៧:០០)៖ តម្លៃ ៤២០ រៀល/១គីឡូវ៉ាត់ម៉ោង៕