(ត្បូងឃ្មុំ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រដ្ឋបានរៀបចំការប្រមូលផ្ដុំរោងចក្រកែច្នៃ និងផ្ដល់ដីហ្វ្រី (Free) សម្រាប់ប្រជាពលរដ្ឋបង្កបង្កើនផលស្វាយចន្ទី។ ចំណុចនេះជាគោលដៅធំរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើតទីផ្សារសកិផលនៅហ្នឹងកន្លែង ទីផ្សារដែលមានតម្លៃខ្ពស់ ដើម្បីធានានូវការផលិតផលសម្រេចសម្រាប់នាំចេញទៅខាងក្រៅប្រទេសត្រង់តែងម្តង។
ការថ្លែងបែបនេះ របស់សម្តេចបវធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្ដេច និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «អីឡូវយើងកំពុងសាកល្បងរុញរឿងស្វាយចន្ទី ហ្នឹង គឺយើងអត់ឱ្យរុញទៅគ្រប់កន្លែងទេ គឺយើងយក ១កន្លែងធ្វើសួនឧស្សាហកម្ម ហើយរដ្ឋជួយរុញភ្ជាប់ការអនុគ្រោះពន្ធសាកល្បងនៅខេត្តកំពង់ធំ ហើយរដ្ឋឱ្យដីហ្វ្រី (Free) ក្នុងការវិនិយោគតែម្តង»។
ភ្ជាប់ជាមួយគ្នានេះដែរ សម្តេចបរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្រាប់ម្ចាស់តំបន់សេដ្ឋកិច្ចពិសេស ត្រូវធ្វើយ៉ាងម៉េចកាត់បន្ថយ តម្លៃជួលទៅឱ្យក្រុមហ៊ុនសម្រាប់អ្នកវិនិយោករោងចក្រកែច្នៃស្វាយចន្ទី។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថាចំពោះបញ្ហានេះសម្តេចបានចាត់ក្រុមការងារចុះសិក្សារយៈពេល ១ឆ្នាំហើយ ប៉ុន្តែ ត្រូវរាំងស្ទះបន្តិចដោយសារបញ្ហាសង្គ្រាមនៅតាមព្រំដែន។ ចំពោះការធ្វើសួនឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទី គឺគោលដៅធំស្វែងរកទីផ្សារដែលមានតម្លៃខ្ពស់ មានស្ថិរភាព ឱ្យកសិករ ពីព្រោះកាលណាមានខ្សែច្រវាក់ផលិតនៅក្នុងស្រុក ពោលគឺមានអ្នកបញ្ជាទិញនៅក្នុងស្រុកនឹងជួយដល់អ្នកបញ្ជាទិញតាមរយៈការបង់ពន្ធទាប ដើម្បីអ្នកវិនិយោគិន មានលទ្ធភាពទិញគ្រាប់ស្វាយចន្ទី ពីប្រជាកសិករ មានតម្លៃជាដើម។
បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តាមរយៈការធ្វើសួនឧស្សាហកម្មនឹងធ្វើអ្នកអ្នកវិនិយោគ មានទុនច្រើនក្នុងដៃ ជួយដល់រដ្ឋាភិបាល ក្នុងការជួយបញ្ជាទិញគ្រាប់ស្វាយចន្ទី ពីប្រជាសកសិករ ដើម្បីឱ្យម្ចាស់រោងចក្រ និងប្រជាកសិករមានការរីកចម្រើនទាំងអស់គ្នា ចៀសជាងនាំផលិតផលមិនទាន់កែច្នៃចេញទៅតាមព្រំដែន។ នេះជាគោលដៅធំគឺកសិឧស្សាហកម្មដើរ គឺបង្កើតទីផ្សារនៅហ្នឹងកន្លែង ទីផ្សារដែលមានតម្លៃខ្ពស់ ដើម្បីធានាបាននូវផលិតផលសម្រេចនាំចេញទៅខាងក្រៅប្រទេសត្រង់តែម្តង ដោយមិនរងចាំអ្នកទី២ ឬអ្នកទី៣នោះទេ។
គួរជម្រាបថា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ប្រមាណ ៨៣១ ១៧៩ តោន ទៅកាន់ប្រទេសវៀតណាម ដោយ រកចំណូលបានប្រមាណ ១ ៤៤០ លានដុល្លារ កើនឡើង ២៤.១៧% ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមទិន្នន័យនាំចេញក្រៅផ្លូវការ ដែលទទួលបានពីសមាគមស្វាយចន្ទីកម្ពុជា។
តម្លៃស្វាយចន្ទីឆៅជាមធ្យមក្នុងឆ្នាំ២០២៦នេះ ក្នុងខែមករា មានតម្លៃជាមធ្យម ៧២០០រៀល ក្នុងមួយគីឡូក្រាម (គ្រាប់សើម), នៅខែកុម្ភៈ មានតម្លៃជាមធ្យម ៦១០០រៀល ក្នុងមួយគីឡូក្រាម (គ្រាប់សើម), ខែមីនា មានតម្លៃប្រមាណ ៦៣០០រៀល ក្នុងមួយគីឡូក្រាម (គ្រាប់សើម) និងក្នុងខែមេសា មានតម្លៃ ៦២០០រៀល ក្នុងមួយគីឡូក្រាម (គ្រាប់សើម)។
សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា គិតត្រឹមដើមឆ្នាំ២០២៥ កម្ពុជា មានសហគ្រាសកែច្នៃស្វាយចន្ទី ចំនួន៥២ ក្នុងនោះរោងចក្រធុនមធ្យមមានចំនួន៦ (សមត្ថភាព ផលិត ៧ ០០០តោន ទៅ ១៤០ ០០០តោន ក្នុងមួយឆ្នាំ)។ ចំណែក៤៨ សហគ្រាសផ្សេងទៀត ជាសិប្បកម្មលក្ខណៈគ្រួសារតូចៗ។ នៅក្នុងរដូវប្រមូលផលឆ្នាំ២០២៦ ទិន្នផលគ្រាប់ស្វាយចន្ទីរបស់កម្ពុជា រំពឹងសម្រេចបាន ៨០ម៉ឺនតោន ដល់ ១លានតោន ដោយសារការកើនឡើងនៃផ្ទៃដីដាំដុះ រួមផ្សំនឹងការអំណោយផលពីអាកាសធាតុ។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងឆ្នាំ២០២៥ កម្ពុជារកចំណូលបាន ១,៥ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ១លានតោន កើនឡើង ២៧% ធៀបនឹងឆ្នាំ២០២៤។ គិតមកដល់ពេលនេះ កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ៧៤ម៉ឺនហិកតា៕























