(ភ្នំពេញ)៖ ឯកឧត្តម សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌដូនពេញ បានជំរុញឱ្យមន្ត្រីនៅខណ្ឌដូនពេញ យកចិត្តទុកដាក់អនុវត្តនូវអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ដែលបានណែនាំក្នុងកិច្ចសំណេះសំណាលនៅមជ្ឈមណ្ឌលកោះពេជ្រកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦កន្លងទៅនេះ។ ជាពិសេសការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
នៅព្រឹកថ្ងៃទី២៧ ខែឧសភា នេះ ឯកឧត្តម សូ ម៉ារ៉ា បានដឹកនាំកិច្ចប្រជុំក្រុមការងារចុះមូលដ្ឋានខណ្ឌដូនពេញ បូកសរុបរបាយការណ៍ សកម្មភាពអនុវត្ត និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅខែមិថុនា ឆ្នាំ២០២៦។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម សូ ម៉ារ៉ា បានជំរុញមន្ត្រីក្នុងខណ្ឌយកចិត្តទុកដាក់អនុវត្តប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ដែលបានលើកឡើងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញនៅកោះពេជ្រ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។ កិច្ចការដែលចាំបាច់ និងត្រូវអនុវត្តឱ្យម៉ឺងម៉ាត់នោះ គឺការបន្តបោសសម្អាតក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដែលកំពុងសង្ងំធ្វើសកម្មភាពក្នុងទីតាំងភូមិសាស្រ្តរបស់ខ័ណ្ឌដូនពេញ។
កិច្ចប្រជុំនោះ ក៏បានដាក់ចេញទិសដៅភារកិច្ចសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ដោយណែនាំឱ្យក្រុមប្រឹក្សាសង្កាត់ និងក្រុមការងារសង្កាត់ទាំងអស់ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រឹងគុណភាពសេវាបម្រើប្រជាពលរដ្ឋឱ្យបានល្អ ព្រមទាំងបន្តយកចិត្តទុកដាក់កសាងសមាជិកបក្ស ជាពិសេសចេញពីស្រទាប់យុវជនគ្រប់អាយុបោះឆ្នោត ឱ្យបានតាមគ្រប់ចំនួនផែនការ និងសន្ទស្សន៍ដែលបានដាក់ចុះ។
អង្គប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងផុសផុលដោយមានការចូលរួមមតិណែនាំបន្ថែមពីឯកឧត្តម សួន រិនឌី អនុប្រធានទី១ ក្រុមការងារគណបក្សខណ្ឌ លោក ជា ខេមា ប្រធានគណបក្សខណ្ឌ ព្រមទាំងប្រធានគណៈកម្មាធិការបក្សសង្កាត់មួយចំនួនបានមានយោបល់យ៉ាងផុសផុលលើបញ្ហានានា៕












