ឯកឧត្តម សូ ម៉ារ៉ា ជំរុញមន្ត្រីខណ្ឌដូនពេញ យកចិត្តទុកដាក់អនុវត្តការណែនាំរបស់សម្តេចតេជោ ក្នុងពិធីសំណេះសំណាលកាលពីសប្តាហ៍កន្លងទៅ


(ភ្នំពេញ)៖ ឯកឧត្តម សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះជួយ​មូល​ដ្ឋានខណ្ឌដូនពេញ បានជំរុញឱ្យមន្ត្រីនៅខណ្ឌដូនពេញ យកចិត្តទុកដាក់អនុវត្តនូវ​អនុ​សាស​ន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ដែលបានណែនាំក្នុងកិច្ចសំណេះ​សំណាល​នៅ​មជ្ឈមណ្ឌលកោះពេជ្រកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦កន្លងទៅនេះ។ ជា​ពិសេសការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

នៅព្រឹកថ្ងៃទី២៧ ខែឧសភា នេះ ឯកឧត្តម សូ ម៉ារ៉ា បានដឹកនាំកិច្ចប្រជុំក្រុមការងារ​ចុះមូល​ដ្ឋាន​ខណ្ឌដូនពេញ បូកសរុបរបាយការណ៍ សកម្មភាពអនុវត្ត និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅខែមិថុនា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម សូ ម៉ារ៉ា បានជំរុញមន្ត្រីក្នុងខណ្ឌយកចិត្តទុកដាក់អនុវត្ត​ប្រសាសន៍​សម្ដេច​តេជោ ហ៊ុន សែន ដែលបានលើកឡើង​ក្នុងពិធីសំណេះសំណាល​ជាមួយ​ថ្នាក់​ដឹកនាំ​ក្រសួងស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពជុំវិញរដ្ឋបាលរាជ​ធានីភ្នំពេញ​នៅកោះពេជ្រ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។ កិច្ចការ​ដែល​ចាំបាច់ និងត្រូវអនុវត្តឱ្យម៉ឺង​ម៉ាត់នោះ គឺការបន្តបោសសម្អាតក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដែល​កំពុងសង្ងំធ្វើសកម្មភាពក្នុងទីតាំងភូមិសាស្រ្តរបស់ខ័ណ្ឌដូនពេញ។

កិច្ចប្រជុំនោះ ក៏បានដាក់ចេញ​ទិស​ដៅភារកិច្ច​សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ដោយណែ​នាំ​ឱ្យក្រុមប្រឹក្សាសង្កាត់ និងក្រុមការងារសង្កាត់ទាំង​អស់ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រឹង​គុណភាពសេវាបម្រើប្រជាពលរដ្ឋឱ្យបានល្អ ព្រមទាំងបន្តយកចិត្តទុកដាក់កសាង​សមាជិក​បក្ស ជាពិសេសចេញពីស្រទាប់យុវជនគ្រប់អាយុបោះឆ្នោត ឱ្យបានតាមគ្រប់ចំនួនផែនការ និង​សន្ទស្សន៍​ដែលបានដាក់ចុះ។

អង្គប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងផុសផុលដោយមានការចូលរួម​មតិណែ​នាំ​បន្ថែមពីឯកឧត្តម សួន រិនឌី អនុប្រធានទី១ ក្រុមការងារគណបក្សខណ្ឌ លោក ជា ខេមា ប្រធាន​គណបក្សខណ្ឌ ព្រមទាំងប្រធានគណៈកម្មាធិការបក្សសង្កាត់មួយចំនួន​បានមានយោ​បល់​យ៉ាងផុសផុលលើបញ្ហានានា៕