ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញប្រគល់-ទទួលជំនួយមនុស្សធម៌របស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ជូនរដ្ឋបាលខេត្តកណ្តាល


(កណ្តាល)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់-ទទួលជំនួយមនុស្សធម៌របស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ (Global Life Sharing) ជូនដល់រដ្ឋបាលខេត្តកណ្តាលនៅសាលប្រជុំសាលាខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកាគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា(គណៈកម្មការទី១០) ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣(ខេត្តកណ្តាល) ក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត ទីប្រឹក្សា ជំនួយការខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ តំណាងមន្ទីរជំនាញពាក់ព័ន្ធ និងតំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ សរុប១៣០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានថ្លែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា គណៈប្រតិភូព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃនាំយកជំនួយមនុស្សធម៌ដ៏ថ្លៃថ្លា និងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការជួយលើកស្ទួយសុខុមាលភាពសាធារណៈ ព្រមទាំងជួយសម្រាលបន្ទុក និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះនៅក្នុងមូលដ្ឋានខេត្តកណ្តាល ប្រកបដោយភាពកក់ក្តៅជាទីបំផុត។

ឯកឧត្តមបន្តថា ក្នុងនាមរដ្ឋបាលខេត្តកណ្តាល លោកប្រធានក្រុមប្រឹក្សាខេត្តបានធ្វើការប្តេជ្ញាចិត្តចាត់ចែង គ្រប់គ្រង និងនាំយកអំណោយមនុស្សធម៌ទាំងអស់នេះ បែងចែកតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពដែលមានតម្រូវការចាំបាច់ពិតប្រាកដប្រកបដោយតម្លាភាព គណនេយ្យភាព និងឱ្យចំគោលដៅបំផុត ដើម្បីជាការរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត ឱ្យស្របតាមបំណងប្រាថ្នាដ៏ថ្លៃថ្លារបស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល(Global Life Sharing)។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានថ្លែងពាំនាំការសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ថ្នាក់ដឹកនាំខេត្ត និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកណ្តាលទាំងអស់។

ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានមានប្រសាសន៍បន្តថា ព្រឹទ្ធសភានីតិកាលទី៥ ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពវាងវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកំណត់អាទិភាពការងារដែលផ្តោតលើ៖.ការចូលឱ្យជិតអង្គបោះឆ្នោត និងសហគមន៍មូលដ្ឋាន និង.ការជំរុញការងារការទូតសភា ដែលមានទិសដៅសំខាន់ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិ បត្តិការជាមួយស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសជាមិត្តទាំង ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

ក្នុងស្មារតីនេះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា បានអនុវត្តការងារការទូតប្រកបដោយបុរេសកម្ម ដើម្បីបុព្វហេតុការពារផលប្រយោជន៍ និងកិត្យានុភាពជាតិ ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ជាពិសេសក្នុងពេលមានសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជាយើង។ ជាក់ស្តែង ក្រោមកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា ជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណៈរដ្ឋកូរ៉េ បាននាំយកនូវជំនួយមនុស្សធម៌របស់ប្រជាជនកូរ៉េ ដែលរួមមានៈឱសថ គ្រឿងបរិក្ខាវិជ្ជសាស្ត្រ សម្លៀកបំពាក់និងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងទំហំទឹកប្រាក់ប្រមាណជាង ២៦លានដុល្លារអាមេរិក មកផ្តល់ជូនដល់រដ្ឋបាលរាជធានី ខេត្ត មន្ទីរពេទ្យមណ្ឌលសុខភាព និងប្រជាពលរដ្ឋកម្ពុជារួចមកហើយ។ កិច្ចសហប្រតិបត្តិការមនុស្សធម៌នេះ នឹងបន្តរហូតដល់ឆ្នាំ២០២៩ ក្នុងទំហំទឹកប្រាក់ ៦៥លានដុល្លារអាមេរិក។ ហើយនៅថ្ងៃនេះ ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល បាននាំយកនូវ ឱសថ ចំនួន ៣៤មុខ ក្នុងទំហំទឹកប្រាក់ចំនួន ២,១១៩,២២៥ ដុល្លាអាមេរិក មកប្រគល់ជូនដល់រដ្ឋបាលខេត្តកណ្តាល ដើម្បីរួមចំណែកលើកកម្ពស់សុខុមាភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកណ្តាល ឱ្យបានកាន់តែប្រសើរឡើង។

ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានថ្លែងនូវការកោតសរសើរដល់ឯកឧត្តមអភិបាលខេត្តកណ្តាល និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តិទុកដាក់ខ្ពស់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពិសេស ការលុបបំបាត់រាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក៏បានអំពាវនាវដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមជាមួយនឹងការប្តេជ្ញាចិត្ត និងការលះបង់ ដើម្បីរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរ សំដៅលុបបំបាត់នូវរាល់បញ្ហាអសកម្ម ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ប្រពៃ នៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ៕