រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញធ្វើបាឋកថាស្តីពី «បទពិសោធន៍នៃភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល» ជូនដល់សិស្សមន្ត្រីសាលាភូមិន្ឋរដ្ឋបាលជិត ១០០០អង្គ/នាក់


(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីធ្វើបាឋកថា ចែករំលែកចំណេះដឹងក្រោមប្រធានបទ ស្តីពី «បទពិសោធន៍នៃភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល» ជូនដល់សិស្សមន្ត្រីជាន់ខ្ពស់ សិស្ស មន្ត្រី ក្រមការ និងកម្មសិក្សាការីឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ៨០០អង្គ/នាក់ ទាំងចូលរួមដោយផ្ទាល់នៅក្នុងសហសាល និងពីចម្ងាយតាមប្រព័ន្ធអនឡាញ Microsoft Teams ។

ពិធីនេះក៏មានការចូលរួមពីឯកឧត្តម សុខ សេងយ៉ន តំណាងឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល លោក លោកស្រី ជាថ្នាក់ដឹកនាំ ប្រតិភូអមដំណើរ មន្ត្រីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ សិស្សមន្ត្រីក្រមការជំនាន់ទី១២ កម្មសិក្សាការីវគ្គវិក្រឹតការ ឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាលជាច្រើននាក់ទៀតផងដែរ។

បើតាមរបាយការណ៍របស់ឯកឧត្តម សុខ សេងយ៉ន បានបញ្ជាក់ឱ្យដឹងថា កម្មវិធីបាឋកថានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ២ រួមមាន៖ (១) ដើម្បីផ្តល់ឱកាសដល់កម្មសិក្សាការីបានជួបប្រាស្រ័យ និងទទួលការណែនាំ ពីលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី និង (២) ជាឱកាសដ៏មានតម្លៃសម្រាប់កម្មសិក្សាការី ដើម្បីទទួលបាននូវការចែករំលែកនូវចំណេះដឹង និងបទពិសោធការងារដ៏សម្បូរបែបក្នុងវិស័យសាធារណៈ ពិសេសវិស័យសុខាភិបាលពីលោកសាស្ត្រាចារ្យ រដ្ឋមន្ត្រីផងដែរ។

ឯកឧត្តម សុខ សេងយ៉ន បានបន្ថែមថា ក្នុងក្របខ័ណ្ឌនៃការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល កម្មវិធីបាឋកថាត្រូវបានចាត់ទុកជា វេទិកាសំខាន់មិនអាចខ្វះបានដើម្បីពង្រឹងសមត្ថភាពសិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាម។ តាមរយៈវេទិកានេះថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងមន្ត្រីជំនាញជាន់ខ្ពស់ទាំងឡាយ ផ្តល់នូវការចែករំលែកចំណេះដឹង និងបទពិសោធពាក់ព័ន្ធទៅនឹងចក្ខុវិស័យ ទស្សនាទាន និងឧត្តមានុវត្តន៍ លើការដឹកនាំ និងការគ្រប់គ្រងក្នុងវិស័យសាធារណៈ ការលើកកម្ពស់គុណធម៌ជាមន្ត្រី ភាពជាគំរូក្នុង ការដឹកនាំនិងការបំពេញការងារ ការងារ កែទម្រង់ និងការអនុវត្តគោលនយោបាយ ទាំងឡាយរបស់ក្រសួង ស្ថាប័ន ស្របតាមការតម្រង់ទិសនៃ ផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ការទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី១ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។

ឯកឧត្តម សុខ សេងយ៉ន បានបន្ថែមថា នៅឆ្នាំ២០២៦នេះ សាលាភូមិន្ទរដ្ឋបាល បាននិងកំពុងផ្តល់ការបណ្តុះបណ្តាលដល់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ សិស្សមន្ត្រីក្រមការជំនាន់ទី១២ កម្មសិក្សាការី នៃវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីមធ្យម សរុបប្រមាណចំនួន ៨០០អង្គ/នាក់ (ស្រី១៩៨ និងព្រះសង្ឃ១០អង្គ)។ បន្ថែមពីលើនេះ​សាលាបាននឹងកំពុងផ្តល់ការបណ្តុះបណ្តាលវគ្គជំនាញខ្លីៗជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ យោធិន នគរបាលមកពីបណ្តាក្រសួង ស្ថាប័នផងដែរ។

សម្រាប់កម្មវិធីបាឋកថានេះក្រុមការងារនាយកដ្ឋានស្រាវជ្រាវ និងទំនាក់ទំនងអន្តរជាតិ បានរៀបចំកម្មវិធីជូនដល់សិស្សមន្រ្តី កម្មសិក្សាការីឆ្នាំ២០២៦ វត្តមានចូលរួមផ្ទាល់រួមមាន៖ សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១៣ សិស្សមន្រ្តីក្រមការ កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់សរុបចំនួន ២១៥អង្គ/នាក់ (ស្រី ៥៩នាក់,ព្រះសង្ឃ ៥អង្គ) និងវត្តមានចូលរួម​តាមប្រព័ន្ធឡាញ Microsoft Teams រួមមាន៖ កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២៦ និងសិស្សមន្ត្រីក្រមការសរុបចំនួន ៥៣៨នាក់ (ស្រី១៣៥នាក់ និងព្រះសង្ឃ ៥អង្គ)។

ក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះឯកឧត្តម សុខ សេងយ៉ន ក៏បានស្នើដល់សិស្សមន្ត្រីនិងកម្មសិក្សា ការីទាំងអស់ដែលមានវត្តមានសូមត្រង់ត្រាប់ស្តាប់ដោយយកចិត្តទុកដាក់ និងរៀនសូត្រអំពីការចែករំលែក​របស់លោកសាស្ត្រាចារ្យ រដ្ឋមន្ត្រី ដើម្បីបង្កើននូវពុទ្ធិផ្ទាល់ខ្លួន និងប្រើប្រាស់ជាមេរៀន និងប្រយោជន៍សម្រាប់ការបំពេញការងារឱ្យមានប្រសិទ្ធភាពខ្ពស់នៅតាមអង្គភាពពាក់ព័ន្ធនាពេលអនាគតផងដែរ៕