នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំងសរុបចំនួន៩៦៦នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តកំពង់ឆ្នាំង។
បើតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា ពីខេត្តកំពង់ឆ្នាំង នៅថ្ងៃនេះ សម្តេចតេជោនៅតែយកចិត្តទុកដាក់ខ្ពស់លើគម្រោងសាងសង់ផ្លូវ និងស្ពានតភ្ជាប់កំពង់ឆ្នាំង និងកំពង់ធំ និងបានស្នើឱ្យមិត្តចិនពិចារណាលើគម្រោងនេះ។
សម្ដេចបន្តថា ការតភ្ជាប់បណ្តាញដឹកជញ្ជូនរវាងខេត្តជុំវិញបឹងទន្លេសាបទាំងផ្លូវទឹក និងផ្លូវគោក មានសារៈសំខាន់ណាស់សម្រាប់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ឆ្លៀតនាឱកាសនោះ សម្តេចក៏បានលើកឡើងពីគម្រោងផ្លូវជាតិលេខ៥០សេ ដែលជាផ្លូវមួយខ្សែតភ្ជាប់រវាងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ព្រោះគម្រោងផ្លូវមួយខ្សែនេះត្រូវបានសម្តេចតេជោប្រកាសពីការសាងសង់ក្នុងពេលសម្តេចនៅកាន់តួនាទីជានាយករដ្ឋមន្ត្រី ហើយមកដល់ពេលនេះ គម្រោងមួយនេះមិនទាន់បានដំណើរការនៅឡើយទេ៕






