កម្ពុជាបិទបញ្ចប់ «សន្និសីទសភាជាតិ ស្តីពីអភិបាលកិច្ចអាកាសធាតុ» ដោយជោគជ័យ ជាមួយការប្តេជ្ញាចិត្តពង្រឹងច្បាប់តំបន់


«សន្និសីទសភាជាតិ ស្តីពីអភិបាលកិច្ចអាកាសធាតុ» ដែលរៀបចំឡើងដោយរដ្ឋសភាកម្ពុជា សហការយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋានអាយប៉ា (AIPA) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យយ៉ាងត្រចះត្រចង់ កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។ សន្និសីទសភាជាតិ កម្រិតតំបន់ដ៏មានសារៈសំខាន់នេះ បានទទួលលទ្ធផលជាផ្លែផ្កា ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នារបស់តំណាងសភានៃបណ្តាប្រទេសជាសមាជិកអាស៊ាន ក្នុងការនាំយកនូវគំនិតគន្លឹះៗទៅអនុវត្តជាគោលនយោបាយជាតិដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ពិធីបិទសន្និសីទ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិត បានផ្តល់នូវទស្សនទាន និងសារគន្លឹះសំខាន់ៗជាយុទ្ធសាស្ត្រ ក្នុងការជំរុញឱ្យអន្តរសភាអាស៊ាន ដើរតួនាទីនាំមុខលើការរឹតបន្តឹងយន្តការច្បាប់ និងអភិបាលកិច្ចអាកាសធាតុ សំដៅបង្កើតភាពធន់ ធានាគណនេយ្យភាពបរិស្ថាន ព្រមទាំងកៀរគរទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតងដោយផ្តោតលើប្រជាជនជាមជ្ឈមណ្ឌល។

ឯកឧត្តមអនុប្រធានទី២ នៃព្រឹទ្ធសភា បានគូសបញ្ជាក់ភាពទំនាក់ទំនងមិនអាចកាត់ផ្តាច់ចេញពីគ្នាបាននៃទំនាក់ទំនងរវាងសន្តិភាព និងការអភិវឌ្ឍ ដោយបានលើកឡើងនូវចំណុចសំខាន់ៗ រួមមាន៖ ពិភពលោកមិនអាចទ្រាំទ្រសង្គ្រាមបន្ថែមបានឡើយគ្រាដែល ភពផែនដីកំពុងរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុយ៉ាងធ្ងន់ធ្ងរទៅហើយ អ្វីដែលតំបន់ និងពិភពលោកត្រូវការជាដាច់ខាតនាពេលនេះ គឺសន្តិភាព ភាពជាដៃគូ វិបុលភាព និងការគោរពច្បាប់អន្តរជាតិ។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា     បានអំពាវនាវដល់បណ្តាប្រទេសទាំងអស់លើសកលលោក ឱ្យរួមគ្នាបន្លឺសំឡេងគាំទ្រច្បាប់អន្តរជាតិដើម្បីភាពយុត្តិធម៌ ពោលគឺមិនមែនជាការគាំទ្រក្នុងន័យជួយប្រទេសមួយដើម្បីប្រឆាំងនឹងប្រទេសមួយទៀតនោះឡើយ ក្នុងនោះ ឯកឧត្តមបណ្ឌិតក៍បង្ហាញក្តីសង្ឃឹមថា ប្រទេសជិតខាង (កម្ពុជា-ថៃ) នឹងបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដោយឈរលើស្មារតីអត់ឱន បើកចំហ និងគោរពច្បាប់អន្តរជាតិដើម្បីធានាសន្តិភាពនិងវិបុលភាពយូរអង្វែង។

ពាក់ព័ន្ននឹងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានដាស់តឿនថា មិនមែនជាកាតព្វកិច្ចរបស់ប្រទេសណាមួយដាច់ដោយឡែកនោះឡើយ។ ប្រទេសទាំងអស់ ទាំងក្នុងតំបន់ និងពិភពលោក ត្រូវតែរួមដៃគ្នាជាធ្លុងមួយ ដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមដល់ប្រជាជន និងមនុស្សជាតិជំនាន់ក្រោយផងដែរ៕