(បាត់ដំបង)៖ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង, លោកស្រី Lisa Wright នាយិកាប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ី (ADB), លោកស្រី YASMIN SIDDIQI នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទំហំ ៨,៩ហិកតានៃគម្រោងផ្គត់ទឹកស្អាត និងអនាម័យខេត្ត ដែលមានទីតាំងស្ថិតនៅស្រុកថ្មគោល។
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ ត្រូវបានសាងសង់រួចរាល់កាលពីចុងឆ្នាំ២០២៥ ដែលមានតួនាទីទទួល និងគ្រប់គ្រងទឹកកខ្វក់នៅប៉ែកខាងលិចស្ទឹងសង្កែក្រុងបាត់ដំបង ដើម្បីធ្វើប្រព្រឹត្តកម្មសម្អាតទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិខណៈស្ថានីយមានសមត្ថភាពចម្រោះទឹកកខ្វក់បាន ១២,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។
លោកស្រី Lisa Wright គូសបញ្ជាក់ថា គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុង ផ្ដោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ក្រុងបាត់ដំបង រួមមានការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ គឺពិតជាបានផ្ដល់ផលប្រយោជន៍ច្រើនដល់បរិស្ថាន និងសាធារណជន។
ប្រជាពលរដ្ឋដែលបានទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ បានលើកឡើងដោយក្ដីសប្បាយរីករាយថាក្រោយពីមានការសាងសង់ប្រព័ន្ធលូនិងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះឡើងពិតជាបាននាំមកនូវអត្ថប្រយោជន៍ល្អជាច្រេីនដល់ពួកគាត់ បើទោះបីជាកន្លងមកបានជួបផលពិបាកខ្លះដោយសារផ្លូវខូចខាតព្រោះការអនុវត្តគម្រោង ប៉ុន្តែក្រោយគម្រោងខាងលើនេះបញ្ចប់ការសាងសង់បានធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់ មានភាពងាយស្រួល មិនធ្វើឱ្យមានបញ្ហាបំពុលក្នុងទឹក បញ្ហាបំពុលបរិស្ថាននៅជុំវិញបរិវេណដែលគាត់រស់នៅទៀតឡើយ។ ស្របពេលដែលគម្រោងសាងសង់ប្រព័ន្ធលូនេះបានបញ្ចប់ហើយ លោកអភិបាលខេត្ត បានស្នើដល់ថ្នាក់ដឹកនាំADBសូមជួយពន្លឿនការស្ថាបនាផ្លូវដែលរងការខូចខាតដោយសារការជីកគាស់កាយសាងសង់ប្រព័ន្ធលូដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឡើងវិញ។
ឯកឧត្តម សុខ លូ បានដាក់ចេញទស្សនៈវិស័យរបស់រដ្ឋបាលខេត្តក្នុងការរៀបចំក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងដែលឆ្លាតវៃ ស្អាត បៃតង និងអាចដើរបានដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបង្កើនការទាក់ទាញភ្ញៀវទេសចរខណៈបច្ចុប្បន្នអាជ្ញាធរបាន និងកំពុងខិតខំរំដោះដីចំណីផ្លូវ សាងសង់ផ្លូវ ដាំដើមឈើ និងបំពាក់សឡាបំភ្លឺផ្លូវផង។
សូមរំឭកថា ក្រុងបាត់ដំបងបានទទួលគម្រោងធំៗចំនួន៣ដែលជាថវិកាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
អនុវត្តន៍គម្រោងដោយក្រសួងសាធារណការ និងដឹកជញ្ជូនរួមមាន៖
*ទី១. ការសាងសង់ទីលានចាក់សំរាមស្ដង់ដារនៅឃុំតាគ្រាម ស្រុកបាណន់ ដែលបាននិងកំពុងប្រើប្រាស់ដែលជាទីលានចាក់សំរាមស្ដង់ដារធំជាងគេមួយនៅកម្ពុជា
*ទី២. គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងបានសាងសង់រួចរាល់ ១០០ភាគរយ កំពុងប្រមូលទឹកភ្លៀង និងទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែយកទៅធ្វើប្រព្រឹត្តកម្មនៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ១០ហិកតា នៅស្រុកសង្កែមុនបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិដែលឱ្យអាចប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្មផ្សេងៗ
*ទី៣. គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងលិចស្ទឹង សម្រេចការសាងសង់រួចរាល់កាលពីចុងឆ្នាំ២០២៥ ដែលត្រូវប្រមូលទឹកកខ្វក់ពីផ្ទះប្រជាពលរដ្ឋយកទៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ៨,៩ហិកតា នៅស្រុកថ្មគោល៕





























