(ភ្នំពេញ)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំធ្វើសមយុទ្ធនាគមាសភាគីកម្ពុជា ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យក្រុមការងាររៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២៦ របស់កងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយលោកវរនាវីឯកពិសេស ជី ហ៊្សាំង (Secapt. JI XIANG) នាយករង នាយកដ្ឋានហ្វឹកហ្វឺន សេនាធិការដ្ឋានចម្រុះ តំបន់យោធភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន និងសមាជិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបនោះឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអបអរសាទរ និងស្វាគមន៍ចំពោះដំណើរបំពេញការងាររបស់ក្រុមការងារសិក្សារៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២៦ កងទ័ពរំដោះប្រជាជនចិននៅលើទឹកដីនៃប្រទេសកម្ពុជា។ ក្រុមការងារដែលបានមកកាន់កម្ពុជា ដើម្បីជួបពិភាក្សាគ្នាសម្រាប់ដំណើរការសិក្សាត្រៀមរៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២៦ គឺជាការងារមួយដែលភាគីកងទ័ពទាំងពីរ ដែលតែងតែរៀបចំធ្វើការពិភាក្សាគ្នាឡើងជារៀងរាល់ឆ្នាំ មុនពេលដំណើរការជាផ្លូវការនៃសមយុទ្ធនេះ។ លើការត្រៀមទាំងផែនការ ខ្លឹមសារ អត្ថន័យ និងទីកន្លែង គ្រឿងបំពាក់ ដើម្បីត្រៀមរៀបចំសមយុទ្ធរវាងកងទ័ពទាំងពីរប្រកបដោយលទ្ធផលកាន់តែល្អប្រសើរ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា តាមរយៈនៃការចុះពិនិត្យមើលទីតាំងរបស់ក្រុមការងារភាគីកងទ័ពទាំងពីរ និងកិច្ចពិភាក្សាគ្នាលើខ្លឹមសារ ផែនការមួយចំនួនដើម្បីប្រុងប្រៀបរៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២៦ កម្ពុជា-ចិន និងតាមរយៈការផ្លាស់ប្ដូរបទពិសោធន៍រវាងក្រុមការងារទាំងពីរ ក៏អាចកំណត់ថា តើយើងនឹងត្រូវធ្វើនៅពេលណា ទីកន្លែងណា ខ្លឹមសារអី ហើយមានផែនការបែបណា ដែលអាចកំណត់បាននៅក្នុងផែនការនៃការរៀបចំធ្វើសមយុទ្ធនាឆ្នាំ២០២៦ ឱ្យទទួលបានភាពរលូន។ អ្វីដែលថ្នាក់ដឹកនាំអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សំណូមពរនោះ គឺចង់ឃើញភាគីកងទ័ពទាំងពីរ ធ្វើយ៉ាងណារៀបចំធ្វើសមយុទ្ធនាឆ្នាំ២០២៦ ឱ្យទទួលបានជោគជ័យ មានខ្លឹមសារអត្ថន័យ ជ្រាលជ្រៅ ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អររវាងកងទ័ពកម្ពុជា-ចិន។
ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា សម្រាប់ការធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ ក្រុមការងារកងទ័ពទាំងពីរ ត្រូវតែបន្តយកចិត្តទុកដាក់ជួបពិភាក្សាគ្នា ដើម្បីដាក់ចេញនូវផែនការ ខ្លឹមសារ តាមសេនារីយ៉ូមួយដែលកងទ័ពទាំងពីរឯកភាពគ្នា និងស្របតាមយុទ្ធសាស្ត្ររបស់កងទ័ពទាំងពីរ។ ក្នុងន័យនេះលោកសូមឱ្យក្រុមការងារភាគីកងទ័ពទាំងពីរយកចិត្តទុកដាក់ធ្វើការឱ្យបានហ្មត់ចត់ ដាក់ចេញជាផែនការច្បាស់លាស់ ទីកន្លែង ពេលវេលា ខ្លឹមសារ កម្លាំងចូលរួម និងគ្រឿងបំពាក់ថ្មី ទំនើប ទាន់សភាពការណ៍សាកលលោកបច្ចុប្បន្ន ព្រមទាំងការងារធានាឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា ពិសេសត្រូវមានផែនការការពារសុវត្ថិភាពឱ្យបានទាំងមនុស្ស និងគ្រឿងបំពាក់។
ជាការឆ្លើយតបលោកវរនាវីឯកពិសេស ជី ហ៊្សាំង (Secapt. JI XIANG) ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងថ្នាក់ដឹកនាំអគ្គសេនាធិការ ពិសេសមេបញ្ជាការកងទ័ពជើងគោក ប្រចាំភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន បានសម្ដែងនូវអំណរគុណ ចំពោះអគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ចំពោះការផ្ដល់ពេលវេលា អនុញ្ញាតឱ្យក្រុមការងារបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារក្នុងដំណើរបេសកកម្មបំពេញការងារដើម្បីត្រៀមរៀបចំធ្វើសមយុទ្ធនាគមាសរវាងចិន-កម្ពុជា នាឆ្នាំ២០២៦នេះ នៅទឹកដីកម្ពុជា ឱ្យទទួលបានជោគជ័យ និងបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់មេបញ្ជាការកងទ័ពជើងគោក ភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិន ផ្ញើជូនថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ។
លោកវរនាវីឯកពិសេស ជី ហ៊្សាំង បានបញ្ជាក់ថា សមយុទ្ធនាគមាសចិន-កម្ពុជា គឺជានិមិត្តរូបមួយសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពចិន-កម្ពុជា ហើយក៏ជាគំរូមួយដែលមានឥទ្ធិពលក្នុងសហគមន៍តំបន់ និងអន្តរជាតិយ៉ាងសំខាន់ផងដែរ។ ចាប់តាំងពីឆ្នាំ២០២៤មក សមយុទ្ធនាគមាសដែលរៀបចំឡើងដោយប្រទេសទាំងពីរ កងទ័ពទាំងពីរ គឺសុទ្ធតែមានការចូលរួមពីកងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពជើងអាកាស។
លោកវរនាវីឯកពិសេស ជី ហ៊្សាំង បានជម្រាបជូននាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ថា មានខ្លឹមសារខ្លះមួយចំនួនភាគីទាំងពីរបានឯកភាពគ្នាហើយ ក៏ប៉ុន្តែនៅមានបញ្ហាខ្លះដែលក្រុមការងារកងទ័ពទាំងពីរ ត្រូវបន្តពិភាក្សាគ្នា នៅក្នុងកិច្ចប្រជុំក្រុមការងារផងដែរ។
លោកវរនាវីឯកពិសេស ជី ហ៊្សាំង បានបន្ថែមថា ថ្នាក់ដឹកនាំជាន់ខ្ពស់កងទ័ពប្រទេសទាំងពីរ មានការយកចិត្តទុកដាក់ក្នុងកម្រិតខ្ពស់លើការរៀបចំធ្វើសមយុទ្ធនាគមាសរវាងចិន-កម្ពុជា ហើយមេដឹកនាំជាន់ខ្ពស់កងទ័ពទាំងពីរ ក៏បានផ្ដល់ការលើកទឹកចិត្ត និងជំរុញឱ្យមានកិច្ចដំណើរការរៀបចំសមយុទ្ធនាគមាស ចិន-កម្ពុជា នៅលើទឹកដីកម្ពុជា ជាច្រើនលើកដែលប្រការទាំងនេះជាការរួមចំណែកយ៉ាងធំធេងជំរុញឱ្យកិច្ចសហប្រតិបត្តិការរៀបចំសមយុទ្ធនាកមាសរវាងកងទ័ពទាំងពីរ ប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានកាន់តែជោគជ័យ។ លោកសង្ឃឹមជឿជាក់ថា សមយុទ្ធនាគមាសឆ្នាំ២០២៦ និងដំណើរការទៅប្រកបដោយភាពរលូន និងទទួលជោគជ័យ ហើយមានកម្រិតកាន់តែធំ និងទំនើបទៅ។
ឯកឧត្តមនាយឧត្តមនីយ៍ ឥត សារ៉ាត់ ក៏បានជម្រាបជូនប្រតិភូក្រុមការងារដែរថាការរៀបចំធ្វើសមយុទ្ធនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៦ ក៏ដូចជាសមយុទ្ធរាល់លើក ជារៀងរាល់ឆ្នាំ គឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាព គុណភាព កងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពារជាតិ ទឹកដីរបស់ខ្លួន មិនមានបំណងគំរាមកំហែងដល់ប្រទេសណាមួយឡើយ។ មួយវិញទៀតការធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២៦ កម្ពុជា-ចិន ក៏នឹងបានពង្រឹងពង្រីកចំណងទាក់ទងមិត្តភាព កិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពទាំងពីរកម្ពុជា-ចិន ឱកាន់តែមានភាពប្រសើរឡើង។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា បញ្ហាសំខាន់ដែលក្រុមការងារភាគីទាំងពីរត្រូវយកចិត្តទុកដាក់នោះគឺត្រូវតែពិភាក្សាគ្នាឱ្យបានជាក់លាក់ កំណត់នូវពេលវេលា ទីកន្លែង ខ្លឹមសារ អត្ថន័យ យុទ្ធវិធី និងគ្រឿងបំពាក់ ពិសេសបញ្ហាអាកាសធាតុ សម្រាប់ជំរុញឱ្យកិច្ចដំណើរការជាផ្លូវការនៃសមយុទ្ធនេះ ប្រកបដោយភាពរលូន ជោគជ័យ ថ្មី ទំនើប និងមានទ្រង់ទ្រាយកាន់តែធំទៅៗ ស្របទៅនឹងបរិបទនៃសង្គ្រាមវិទ្យាសាស្ត្រលើសាកលលោកបច្ចុប្បន្ន។
ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាក់ បានគូសបញ្ជាក់ថា សមយុទ្ធនាគមាសកម្ពុជា-ចិន មានសារៈសំខាន់ណាស់សម្រាប់កងទ័ពប្រទេសទាំងពីរ ហើយក៏មានការយកចិត្តទុកដាក់អង្កេតតាមដានពិនិត្យមើលពីសំណាក់បណ្ដាប្រទេសក្នុងតំបន់ និងអន្តរជាតិ ចង់ដឹង ចង់ឃើញ អំពីខ្លឹមសារ ផែនការ និងអត្ថន័យសមយុទ្ធនេះ។ ដូច្នេះយើងត្រូវធ្វើឱ្យគេឃើញថា សមយុទ្ធរវាងកងទ័ពទាំងពីរនេះវាខ្លាំង មានគ្រឿងបំពាក់ថ្មី ទំនើប សមស្របទៅនឹងសភាពការណ៍បច្ចុប្បន្ននៅក្នុងតំបន់ និងលើសកលលោក៕

















